សារលើហ្វេសប៊ុក ស្តីពី បេសកកម្មសម្ងាត់មួយទៅកាន់ប្រទេសថៃ កាលពីឆ្នាំ ១៩៨៩
រូបថតមួយសន្លឹកនេះ បើពិនិត្យឡើងវិញវាហាក់ដូចជាការផ្សងព្រេងដ៏មានគ្រោះថ្នាក់ តែសម្រាប់ខ្ញុំ និងសហការីគិតថា វាជាមោទនភាព ដែលយើងបានយកជីវិតទៅដូរយកសន្តិភាពសម្រាប់ប្រជាជនកម្ពុជា។ មានមនុស្សមិនច្រើនទេ ដែលដឹងរឿងនេះ សូម្បីតែខ្ញុំក៏ទើបរកឃើញរូបថតមួយសន្លឹក ដែលអតីតអ្នកកាសែតជនជាតិបែលហ្ស៊ិកបានប្រគល់អោយខ្ញុំកាលពីថ្ងៃអាទិត្យនេះដែរ។ ថ្ងៃ ១៩ កញ្ញា ឆ្នាំ ១៩៨៩ ខ្ញុំ និងប្រតិភូ បានធ្វើដំណើរជាសម្ងាត់ទៅកាន់ប្រទេសថៃដោយឆ្លងកាត់ស្ពានតាមផ្លូវរថភ្លើងនៅប៉ោយប៉ែត ដែលពេលនោះសងខាងផ្លូវ ទាំងខាងកម្ពុជា ទាំងខាងថៃសុទ្ធតែជាចំការមីន។ ជាងនេះទៅទៀត នៅសងខាងផ្លូវប្រមាណ ១ គីឡូម៉ែត្រ គឺមានកងទ័ពត្រីភាគីចាំវាយប្រហារគ្រប់ពេលមកលើកងទ័ពរដ្ឋកម្ពុជា ដែលនៅឈរជើងតាមផ្លូវជាតិលេខ ៥។ ប៉ោយប៉ែតពេលនោះមានផ្ទះបែកបាក់តែមួយខ្នងនៅក្បាលស្ពានខាងកម្ពុជា ក្រៅពីនោះគឺសុទ្ធតែព្រៃត្រែង។ យើងឆ្លងព្រំដែននៅម៉ោងប្រមាណ ២ រសៀល ដោយមិនទាន់ទទួលទានអាហារថ្ងៃត្រង់នៅឡើយ។ អ្នករួមដំណើរជាមួយខ្ញុំឆ្លងកាត់ស្ពាននេះមាន សម្តេច ទៀ បាញ់ ឯកឧត្តម ចម ប្រសិទ្ធ ឯកឧត្តម ចាន់ អ៊ាន ឯកឧត្តម ខាំពូន កែវមុនី និងឧត្តមសេនីយ ឡុង សុភាព ដែលពេលនោះកាន់មុខតំណែងជាមេបញ្ជការយោធភូមិភាគិទី ៤ ដឹកនាំកម្លាំងការពារដំណើររបស់ខ្ញុំ (ឡុង សុភាព…