FN ៖ និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៤៥៨នាក់ នារី ២,៩៥៤នាក់ បានបិទបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។ ពិធីប្រគល់សញ្ញាបត្រជូននិស្សិតដែលបញ្ចប់ការសិក្សានេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។
និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកថ្ងៃនេះ រួមមានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩។ និស្សិតដែលទទួលសញ្ញាបត្រនេះរួមមាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣០នាក់ នារី២៣នាក់។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា៖
* ជាកិច្ចចាប់ផ្តើមសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានបង្ហាញឯកសណ្ឋានថ្មីដោយមានបង់កក្រមា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាឯកសណ្ឋានក្នុងសម័យជំងឺកូវីត១៩។ សម្តេចតេជោ បានបន្ថែមថា បើទោះបីចប់បញ្ហាកូវីត១៩ ក៏សម្តេចនៅតែប្រើដែរ។
* សម្តេចតេជោ ហ៊ុន សែន បានឱ្យពាក្យស្លោកថ្មីមួយពាក់ព័ន្ធនឹងក្រមានេះ គឺ «ក្រមាខ្មែរ ថែសុខភាព»។
* សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរចំពោះនិស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សា។ តែសម្តេចតេជោ ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ឱ្យបន្តអភិវឌ្ឍន៍សមត្ថភាព ដើម្បីឆ្លើយតបការវិវឌ្ឍន៍របស់សង្គមជាតិ។
* សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់គ្រឹះស្ថានអប់រំ សាស្ត្រាចារ្យ ត្រូវប្រឹងប្រែងរិះរកវិធីសាស្ត្រថ្មីៗ ដើម្បីពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាទទួលយកមនុស្សចូលធ្វើការដោយគ្រាន់តែមានសញ្ញាបត្រមួយសន្លឹក ហើយគ្មានសមត្ថភាពនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមត្ថភាពយើងមិនដល់ចូលធ្វើការមិនបាន បែរជាបន្ទោសថាគេពុករលួយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចទីផ្សារគ្មានមនោសញ្ចេតនាឡើយ គឺមានតែខាត និងចំណេញប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះពោរពេញដោយការប្រកួតប្រជែង ដែលទាមទារឱ្យមានការធ្វើកំណែទម្រង់ និងពង្រឹងសមត្ថភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះជាខួប២២ឆ្នាំ នៃការមណរភាពរបស់ម្តាយសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាធម្មតាក្នុងមួយឆ្នាំមាន៣ថ្ងៃ ដែលសម្តេចមិនទទួលកម្មវិធីនោះទេ គឺថ្ងៃទី១០ វិច្ឆិកា មរណភាពរបស់កូនប្រុស, ១០ មីនា មរណភាពរបស់ម្តាយ និង ១២ កក្កដា មរណភាពរបស់ឪពុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងសុខាភិបាលកំពុងយកចិត្តទុកដាក់ព្យាបាលបុរសម្នាក់ ដែលកំពុងកើតជំងឺកូវីត១៩នៅខេត្តសៀមរាប។
* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានការស្រាវជ្រាវលើបុរសជនជាតិជប៉ុនថា តើកើតជំងឺកូវីត១៩ នៅប្រទេសណា?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងប្រទេសកម្ពុជា ទើបមានករណីជំងឺកូវីត១៩ តែពីរករណីប៉ុណ្ណោះ គឺករណីបុរសជនជាតិចិន នៅខេត្តព្រះសីហនុ និងករណីបុរសជនជាតិខ្មែរ នៅខេត្តសៀមរាប។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកធ្លាប់មានទំនាក់ទំនងជាមួយបុរសកើតជំងឺកូវីត១៩ នៅខេត្តសៀមរាប ចេញមកពិនិត្យសុខភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងសុខាភិបាល កំពុងតាមរកអ្នកមានប្រវត្តិទាក់ទងជាមួយបុរសជនជាតិជប៉ុន និងបុរសជនជាតិខ្មែរមានជំងឺកូវីត១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចលើកទឹកចិត្តឱ្យមានការប្រយ័ត្នប្រយែងរឿងសុខភាព តែហាមមិនឱ្យមានការរើសអើងចំពោះអ្នកសៀមរាបនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើកុំឱ្យមានការខ្លាចរអារហូតមិនហ៊ានចូលទៅខេត្តសៀមរាបនោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់មាត់ច្រកចេញចូលក្នុងប្រទេសកម្ពុជា ត្រូវបង្កើនការពិនិត្យផ្នែកវេជ្ជសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីត១៩។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកមានបញ្ហាសុខភាពប្រញាប់ទៅពិនិត្យសុខភាព។
* សម្តេចតេជោ ហ៊ុន សែន បានស្នើទៅលោក ម៉ម ប៊ុនហេង ឱ្យជ្រើសអ្នកមានសមត្ថភាពប្រចាំការក្នុងការទទួលអ្នកហៅចូលលេខ១១៥។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគ្មានសិទ្ធិហាមឃាត់ប្រជាពលរដ្ឋមិនឱ្យភិតភ័យនោះទេ ដូច្នេះសម្តេចមិនរារាំងការជ្រួលច្របល់របស់ប្រជាពលរដ្ឋទៅទិញទំនិញផ្សេងៗនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានឯកភាពជាមួយលោក ខៀវ កាញារីទ្ធថា បើពលរដ្ឋខ្មែរខ្លាចគ្រោះថ្នាក់ចរាចរណ៍ ដូចខ្លាចជំងឺកូវីត១៩ នឹងកាត់បន្ថយការស្លាប់លើដងវិថី។
* សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅអ្នករិះគន់រឿងគុណភាពវេជ្ជសាស្ត្ររបស់ខ្មែរថា បើមិនជឿលើប្រព័ន្ធវេជ្ជសាស្ត្ររបស់ខ្មែរ តើទៅជឿវេជ្ជសាស្ត្រប្រទេសណា ព្រោះពេលកើតជំងឺកូវីត១៩ គេមិនឱ្យចូលប្រទេសគេនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅអង្គភាពប្រតិកម្មរហ័សរបស់លោក ស្វាយ ស៊ីថា ធ្វើរបាយការណ៍បច្ចុប្បន្នភាពជំងឺកូវីត១៩លើពិភពលោកមួយថ្ងៃ៣ដង ជូនសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមាននិន្នាការអ្វីក៏ដោយ ត្រូវធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីត១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវជាថ្មីកុំឱ្យយកភាពភ័យខ្លាច និងការរើសអើងធ្វើជាមូលដ្ឋានក្នុងករណីជំងឺកូវីត១៩នេះ ពោលត្រូវជ្រើសយកភាពច្បាស់លាស់សម្រាប់ខ្លួនឯង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការភ័យខ្លាចជ្រុលនឹងនាំដល់ភាពមហន្តរាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឧបករណ៍ចាប់សំឡេងទូរស័ព្ទ នៅតែបន្តប្រើ ដើម្បីតាមដានសម្មភាពទុច្ចរិតទាំងឡាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះសម្តេចប្រកាសដោយមោទនភាពថា អ្នកលើនាវា Westerdam បានទៅដល់ផ្ទះ ហើយគ្មាននរណាកើតជំងឺកូវីត១៩នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អភិបាលរាជធានី ខេត្ត ខិតខំសម្រួលឱ្យរថយន្តដឹកវត្ថុធាតុដើមចូលតាមរោងចក្របានកាន់តែឆាប់រហ័ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរសៀលនេះ សម្លៀកបំពាក់សម្រាប់គ្រូពេទ្យការពារជំងឺម៉ាក «ឌុយប៉ុង» ១ពាន់កំប្លេ នឹងត្រូវប្រគល់ជូនក្រសួងសុខាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្លៀកបំពាក់សម្រាប់គ្រូពេទ្យការពារជំងឺពេលប្រតិបត្តិការការងារម៉ាក «ឌុយប៉ុង» រាប់លានកំប្លេត្រូវបានផលិតនៅកម្ពុជា នាំចេញទៅក្រៅប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាវាដឹកវត្ថុធាតុដើមមកពីប្រទេសចិន ៦០កុងតឺន័រ បានចូលមកដល់កម្ពុជាហើយ។ សម្តេចតេជោ ចាត់ទុកនេះជាកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ចិនក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវប្រែក្លាយការភ័យខ្លាច ទៅជាកាលានុវត្តន៍ភាពក្នុងការការពារខ្លួនដោយការយកចិត្តទុកដាក់លើអនាម័យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកាពី ៨០០លានដុល្លារ ទៅ ២ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាក្នុងករណីជំងឺកូវីត១៩ រីករាលដាលខ្លាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំអន្តរជាតិជាច្រើនត្រូវបានលុប ក្នុងនោះកិច្ចប្រជុំមួយចំនួននៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវនាសប្តាហ៍ក្រោយ មិនទាន់ច្បាស់លាស់នៅឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានត្រៀមក្នុងការលើកលែងពន្ធដល់រោងចក្រទាំងណាដែលរងផលប៉ះពាល់ មកពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយពីគណៈកម្មការអឺរ៉ុប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលសម្តេចបារម្ភមិនមែនរឿងនាំទំនិញទៅអឺរ៉ុបនោះ តែបារម្ភអឺរ៉ុបមានវិបត្តិ។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា កម្ពុជាមិនយកអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា ទៅដូរនឹងប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅ រ៉ុង ឈុន ដែលបន្តនិយាយរឿង EBA ថា បើមិនពេញចិត្តនៅកម្ពុជាទេ ទៅនៅក្រៅស្រុកទៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមានទោសក្នុងរឿងក្បត់ជាតិត្រូវតែផ្ទន្ទាទោស ពេលសាលក្រមចេញគឺត្រូវតែជាប់ទោស។ សម្តេចតេជោ បញ្ជាក់ថា ដាក់ទោសលើកនេះមិនមែនត្រពាំងផ្លុងនោះឡើយ គឺនៅកន្លែងផ្សេង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីហែហមពេលមានបេសកកម្មចំណាយច្រើនណាស់ ទាំងថ្លៃស្នាក់នៅ និងថ្លៃសាំងជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការនៅថ្ងៃទី០១ ខែមេសា នឹងត្រូវធ្វើឡើងដូចការកំណត់ រួមទាំងប្រាក់ឧបត្ថម្ភមុនពេលចូលឆ្នាំផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាប់សំឡេងនិយាយទូរស័ព្ទ ដើម្បីស្តាប់សកម្មភាពទុច្ចរិតនៅតែបន្តធ្វើ។ សម្តេចតេជោ បានបញ្ជាក់ការចាប់សំឡេងនេះ មិនមែនមានតែកម្ពុជានោះទេ សូម្បីសម្តេចក៏ត្រូវបានប្រទេសនានាចាប់សំឡេងដែរ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ ហើយក៏ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងផងដែរ។