សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ សម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៣ ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត
ផ្លូវជាតិលេខ ៣ ជាសមិទ្ធផលមួយថ្មីទៀត នៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងចិន ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរព ស្រលាញ់ ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ៣ ប្រវែង ១៣៤,៨០៦ គីឡូម៉ែត្រ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ជាមួយនឹងខេត្តកំពត។ ក្នុងនោះ (ផ្លូវនេះ)បានភ្ជាប់(រាជធានី)ខេត្តចំនួន ០៥ ជាមួយគ្នា គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត។ នេះបង្ហាញឱ្យឃើញពីសមិទ្ធផលមួយថ្មីទៀត នៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលស្ថិតនៅក្នុងក្របខណ្ឌដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងជោគវាសនារួម កម្ពុជា/ចិន។ ខ្ញុំនៅចាំបានថា កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៨ ពេលនោះ ខ្ញុំជាមួយនឹងអតីតអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន Xiong Bo…