ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន៖ ២៥ឆ្នាំនៃការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អង្គរទទួលបានជំនួយ៥០០លានដុល្លារ
FN ៖ ក្នុងទិវាអបអរសាទរខួប២៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទអង្គរវត្ត ក្នុងបញ្ចូលបេតិភណ្ឌពិភពលោក ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល២៥ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីដៃគូអភិវឌ្ឍន៍នានា គិតជាថវិកាមានប្រមាណ ៥០០លានដុល្លារអាមេរិក។ ទិវាអបអរសាទរខួប២៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទអង្គរវត្តនេះ (១៩៩២-២០១៧) ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃព្រហស្បត្តិ៍ ១១រោច ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស២០១៧ នៅមុខមហាប្រាសាទអង្គរ ខេត្តសៀមរាប ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រមណីយដ្ឋានអង្គរបានក្លាយជានិម្មិតរូបដ៏សំខាន់មួយ នៃវប្បធម៌ខ្មែរ និងអាស៊ី ជាអច្ឆរិយវត្ថុល្បីល្បាញបំផុត ដែលទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗ។ លើសពីនេះ កម្ពុជាបានប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលមានតម្លៃវប្បធម៌ជាសកល និងពុំអាចកាត់ថ្លៃបានរបស់មនុស្សជាតិ ព្រមទាំងប្រាង្គប្រាសាទបុរាណរាប់ពាន់ទូទាំងប្រទេស និងធនធានធម្មជាតិដ៏សម្បូរបែបនៅតាមព្រៃភ្នំ ដងទន្លេ សមុទ្រ សត្វផ្សោតទន្លេមេគង្គ ទំនៀមទម្លាប់ ប្រពៃណី…