សេចក្តីដកស្រង់សង្កថាក្នុងពិធីសំណេះសំណាលជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ
ការជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ថ្ងៃនេះខ្ញុំពិតជាមានក្តីរីករាយណាស់ដែលបានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលហៅកាត់ថា TYDA ហើយដែលបានក្នុងរយៈពេលកន្លងទៅបានធ្វើសកម្មភាពយ៉ាងច្រើន។ ខ្ញុំនៅបានចងចាំថានៅពេលមួយ ដោយសារកិច្ចការមនុស្សធម៌កាន់តែច្រើននៅក្នុងក្រុមគ្រួសារ ខ្ញុំក៏បានហៅកូនប្រុសស្រីទាំងប៉ុន្មាននាក់របស់ខ្ញុំទៅជជែកគ្នានៅផ្ទះរបស់កូនស្រីរបស់ខ្ញុំ។ យើងក៏ចាប់ផ្តើមចែកភារកិច្ចគ្នា ព្រោះថាមុននោះ យើងមានមូលនិធិ បាយ័ន ហើយមូលនិធិបាយ័ននេះធ្វើសកម្មភាពច្រើនទិសដៅ រាប់ទាំងសកម្មភាពជួយទ្រទ្រង់សមរភូមិក្នុងពេលដែលយើងមានជម្លោះព្រំដែនជាមួយនឹងថៃ មូលនិធិនោះក៏បានជួយទៅដល់អ្នកដែលរត់ជាន់គ្នានៅកោះពេជ្រនេះផងដែរ។ មូលនិធិនេះក៏បានបង្កើតឡើងនូវការរៀបចំដើម្បីកសាងនូវផ្ទះទេវតាជូនប្រជាពលរដ្ឋក្រីក្រ ធ្វើអណ្តូងទឹក និងសកម្មភាពដទៃទៀត ព្រមពេលជាមួយគ្នាក៏ចាប់ផ្តើមលេចចេញជារូបរាងនៃគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោនៅខេត្តកំពង់ចាម។ ដូច្នេះ យើងក៏មានគំនិតផ្តួចផ្តើមអំពីការបែងចែកភារកិច្ចគ្នា ក្នុងចំណោមកូនៗដោយសារតែកូនៗរបស់ខ្ញុំគេធំធាត់អស់ហើយ គេល្មមទទួលខុសត្រូវបានហើយជាមួយនឹងកិច្ចការខ្លះ ដែលទាក់ទងជាមួយនឹងវិស័យមនុស្សធម៌ ហើយមិនមែនជាគោលដៅនៃការរកប្រាក់ចំណេញនោះទេ។ ក៏ប៉ុន្តែ អ្វីដែលយើងចង់ធ្វើនោះ គឺសំដៅជំរុញល្បឿនដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ហើយក៏ដើម្បីជួយទៅដល់ប្រជាជនដែលជួបការលំបាក។ ខ្លួនខ្ញុំផ្ទាល់ពីអតីតកាលគឺលំបាកណាស់ក្នុងរឿងនេះ បើទោះបីជាក្នុងរយៈពេលជិត ៤០ ឆ្នាំ នៃមុខតំណែងជាន់ខ្ពស់រហូតទៅដល់តំណែងជានាយករដ្ឋមន្ត្រី ដែលជាតំណែងខ្ពស់បំផុត និងខ្លាំងមានអំណាចបំផុតនៅក្នុងអង្គការនីតិប្រតិបត្តិ។ ការផ្តួចផ្តើមគំនិតបង្កើត សមាគមគ្រូពេទ្យស្ម័គ្រចិត្តតេជោ ហៅកាត់ថា (TYDA) ប៉ុន្តែ ខ្ញុំមិនដែលភ្លេចនូវអតីតកាល ដែលពោរពេញទៅដោយការឈឺចាប់សម្រាប់ខ្លួនខ្ញុំផ្ទាល់ក្តី ឬក៏សម្រាប់ប្រជាជនកម្ពុជាយើងក្តី។ ដូច្នេះហើយជាមួយនឹងសកម្មភាព ដែលខ្ញុំដឹកនាំក្នុងក្របខណ្ឌ នៃការចំណាយថវិកាជាតិ យើងក៏ត្រូវមានគំនិតផ្តួចផ្តើម ដើម្បីធ្វើសកម្មភាពទាំងឡាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។…