សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម តាកាយ៉ាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា និងសហការីក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមជប៉ុន-កម្ពុជាដែលបានទាក់ទាញអ្នកវិនិយោគរបស់ជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ នៅក្នុងឱកាសនោះឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ ឯកឧត្តមបានសម្ដែងនូវក្ដីរីករាយ និងកោតសរសើរចំពោះភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដោយឯកឧត្តមបានលើកឡើងថា រូបឯកឧត្តម និងសហការី នៅពេលដែលមកដល់ប្រទេសកម្ពុជាម្ដងៗតែងតែឃើញនូវភាពរីកចម្រើនថ្មីៗជាបន្តបន្ទាប់របស់កម្ពុជាឯកឧត្តមមានមោទនភាព ដែលឯកឧត្តមផ្ទាល់ និងសហការីបានចូលរួមចំណែកក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តម ប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានលើកឡើងអំពីសក្ដានុពលរបស់កម្ពុជា ពោល គឺសក្ដានុពលនៅក្នុងការវិនិយោគផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ដែលជាចំណុចស្នូលដែល សមាគមជប៉ុន-កម្ពុជា ចាប់អារម្មណ៍ ហើយសមាគមរបស់លោកក៏កំពុងជំរុញការវិនិយោគខ្នាតតូច និងមធ្យមនេះនៅកម្ពុជាឱ្យបានច្រើន។ ទន្ទឹមនឹងនេះឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានកោតសរសើរចំពោះសក្ដានុពលធនធានធម្មជាតិរបស់កម្ពុជា ដែលឯកឧត្តមបានលើកឡើងថា…

