សម្ដេច ស ខេង ជំរុញថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ខិតខំបម្រើសេវាសាធារណៈឲ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋ
FN ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំឭកជាថ្មីថា ប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ ហើយប្រជាពលរដ្ឋកម្ពុជាមានសេចក្ដីសុខទៅបាន លុះត្រាតែមន្ត្រីរាជការទាំងអស់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ដែលមានមន្រ្តីរាជការចូលរួមចំនួន ៣៥០នាក់។ សម្តេចក្រឡាហោមថ្លែងយ៉ាងដូច្នេះថា «ភាពដែលអាទទួលបានលទ្ធិប្រជាធិបតេយ្យនេះទៅបាន លុះត្រាតែថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ព្យាយាមធ្វើការអនុវត្តនូវតួនាទី និងភារកិច្ច ក្នុងគោលបំណងជាអ្នកផ្តល់នូវសេវា ហើយប្រជាពលរដ្ឋ គឺជាម្ចាស់នៃសេវា ទាំងការផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់»។ សម្ដេច ស ខេង បានបន្តថា សេវាទាំងអស់នោះរួមមាន ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមមានកិច្ចសហការរវាងលោកមេភូមិ ប្រជាការពារ ប៉ុស្តិ៍នគរបាល និងរដ្ឋបាលឃុំ-សង្កាត់ផងដែរ។ សម្តេចបានជំរុញថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ខិតខំបម្រើសេវាសាធារណៈឲ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមការធ្វើកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល…