សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងដូនកែវ ខេត្តតាកែវ
មុនចាប់ផ្ដើម ចង់សួរសំណួរសំខាន់មួយទៅកាន់ក្មួយៗ តើក្បែរភ្លឺនេះ រុស្សី និងអេហ្ស៊ីប អ្នកណាឈ្នះ? … អរគុណហើយ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកកាន់ខេត្តតាកែវដើម្បីជួបជុំជាមួយនឹងក្មួយៗ ជាកម្មករ/ការិនីដែលនៅទីនេះ ហើយបើទោះបីថា ក្មួយៗបានទន្ទឹងរង់ចាំយូរបន្តិច ប្រៀបធៀបនឹងពេលពូចេញដំណើរ ការចាប់ផ្ដើមនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល និងទៅខេត្តផ្សេងទៀត ដូចជាខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តកំពង់ចាម។ បើទោះបីការរង់ចាំនោះត្រូវបានមកយឺតបន្តិច ប៉ុន្តែពាក្យដែលគេថាមកយឺត ប្រសើរជាងមិនមក។ ថ្ងៃនេះ បើទោះបីជាមកយឺតបន្តិចក៏គង់ថាយើងមានឱកាស យើងបានជួបជុំគ្នានៅទីនេះ។ ពូសូមថ្លែងនៅអំណរគុណចំពោះក្មួយៗទាំងអស់ ដែលបានមកចូលរួមនៅក្នុងថ្ងៃនេះ ហើយក៏សូមថ្លែងអំណរគុណ និងស្វាគមន៍ ចំពោះវត្តមានរបស់ម្ចាស់រោងចក្រទាំងអស់ ហើយអរគុណចំពោះការដែលផ្ដល់ឱកាសអោយកម្មករ/ការិនី បានមកជួបជាមួយខ្ញុំនៅថ្ងៃនេះ បន្ថែមដោយល្ងាចនេះ ទទួលបាននូវការឈប់សម្រាករយៈពេលមួយល្ងាចទៀត ដោយមានប្រាក់ឈ្នួលពេញ។ តាកែវនឹងទទួលបានការវិនិយោគបន្ថែម បន្ទាប់ពីផ្លូវជាតិលេខ ២ និងលេខ ២២ បានកែលម្អ ខ្ញុំពិតជាមានអារម្មណ៍រីករាយ បន្ទាប់ពីគោលនយោបាយពង្រាយសាលារៀនតាមមូលដ្ឋាន គោលនយោបាយពង្រាយរោងចក្រ ដើម្បីដោះស្រាយការងារធ្វើ និងបង្កើតប្រាក់ចំណូល នៅតាមបណ្ដាខេត្ត បាន និងកំពុងវិវឌ្ឍទៅបានយ៉ាងល្អប្រសើរ។ សង្ឃឹមថា ខេត្តតាកែវរបស់យើងនេះ នឹងក្លាយទៅជាខេត្ត ដែលទទួលបានការវិនិយោគបន្ថែមទៀត…