សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង ខេត្តបាត់ដំបង ដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ផ្លូវជាតិលេខ ៥ ពីទីរួមខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ផ្លែផ្កាកិច្ចសហប្រតិបត្ដិការរកម្ពុជា-ជប៉ុន ឯកឧត្តម Mikami Masahiro អគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ប្រិយមិត្តជប៉ុន សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយដែលបានចូលរួមជាមួយឯកឧត្តម Mikami Masahiro តំណាងប្រទេសជប៉ុន ក៏ដូចជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមដាក់សម្ពោធឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង ដែលតភ្ជាប់ទីរួមខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ប្រវែង ៨៤,៧៤ គីឡូម៉ែត្រ។ នេះចាត់ទុកថាជាផ្លែផ្កានៃកិច្ចសហប្រតិបត្ដិការរវាងកម្ពុជា-ជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ខ្ញុំគិតថា អ្វីដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញ ក៏ដូចជាឯកឧត្តម Mikami Masahiro បានលើកឡើង គឺពិតជាត្រឹមត្រូវ … កាលពីថ្ងៃទី ២៦ មិថុនា ២០១៨ ខ្ញុំបានមកបើកការដ្ឋាននៅទីនេះ។ ខ្ញុំសូមយកឱកាសនេះ សុំអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋរបស់យើងនៅខេត្តបាត់ដំបង…