គ.ជ.ប អំពាវនាវឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស រួសរាន់មកចុះឈ្មោះឲ្យបានគ្រប់គ្នា
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុបោះឆ្នោត ហើយកំពុងបំពេញបេសកកម្ម បម្រើការងារ ឬសិក្សានៅក្រៅប្រទេស មេត្តារួសរាន់ត្រឡប់មកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខ។ នេះបើតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ។ ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ ដែលនឹងចាប់ផ្ដើមឡើងពីថ្ងៃទី០១ ខែកញ្ញា ស្អែកនេះ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ។ ទន្ទឹមនឹងនោះ ក៏ជាការធ្វើបច្ចុប្បន្នភាពលើបញ្ជីបោះឆ្នោត កាលពីឆ្នាំ២០១៦ ផងដែរ។ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានតែនៅការិយាល័យបោះឆ្នោតដែលតាំងនៅក្នុងសាលាឃុំ-សង្កាត់នីមួយៗ និងនៅតាមភូមិមួយចំនួនតែប៉ុណ្ណោះ ពោលគឺគ្មាននៅកន្លែងណាផ្សេងឡើយ ដូចជា ស្ថានទូតកម្ពុជាប្រចាំនៅបរទេស ឬនៅតាមព្រំដែនជាដើម។ គ.ជ.ប បានបញ្ជាក់ថា ការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ ពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីបានចុះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា…