គ.ជ.ប បញ្ជាក់ថា មិនទាន់មានផ្សាយលទ្ធផលផ្លូវការពីអាសនៈឃុំ-សង្កាត់ នៅឡើយទេ
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញមកបញ្ជាក់ថា ចាប់តាំងពីថ្ងៃបោះឆ្នោតថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៧ ខែមិថុនា នេះ ខ្លួនមិនទាន់មានផ្សាយលទ្ធផលនៃចំនួនអាសនៈឃុំ-សង្កាត់ និងឈ្មោះបេក្ខជននៃបញ្ជីគណបក្សនយោបាយជាប់ឆ្នោតនៅឡើយទេ។ ការបញ្ជាក់របស់ គ.ជ.ប បានធ្វើឡើងបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានចេញផ្សាយបង្ហាញពីលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបញ្ជាក់ថា យោងតាមទិន្នន័យពី គ.ជ.ប។ តាមសេចក្តីបំភ្លឺធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានបញ្ជាក់ថា ខ្លួន បានផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតតាមទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងតាមគេហទំព័រ គ.ជ.ប។ ការផ្សាយលទ្ធផលបឋមនេះ គ.ជ.ប ផ្សាយតែសំឡេងឆ្នោត ដែលគណបក្សនយោបាយនីមួយៗទទួលបាននៅតាមឃុំ សង្កាត់ នីមួយៗនៃរាជធានី ខេត្ត ទាំង២៥តែប៉ុណ្ណោះ។ គ.ជ.ប បានបញ្ជាក់ដែរថា ការផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាផ្លូវការដោយបង្ហាញពីអាសនៈ និងឈ្មោះបេក្ខជននៃបញ្ជីគណបក្សនយោបាយជាប់ឆ្នោត លុះតែការដោះស្រាយបណ្តឹងបានចប់សព្វគ្រប់ជាស្ថាពរ។ លទ្ធផលផ្លូវការនេះ គ.ជ.ប នឹងប្រកាសជាសាធារណៈនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧៕