សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក
ជយោ! ព្រះរាជាណាចក្រកម្ពុជា! ជយោ! ព្រះរាជាណាចក្រ នៃវប្បធម៌! តើថ្ងៃនេះខ្ញុំជា ហ៊ុន សែន ពិត ឬមិនពិត? មុននឹងខ្ញុំបន្តទៅទៀត ជាពិសេស ខ្ញុំចង់សួរក្មួយៗ ជាយុវជន យុវនារី ដែលចូលរួមនៅថ្ងៃនេះ តើថ្ងៃនេះខ្ញុំជា ហ៊ុន សែន ពិតប្រាកដ ឬទេ? តើជា ហ៊ុន សែន កំពុងស្ថិតនៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យនៅឯប្រទេសបារាំង និង ហ៊ុន សែន ដែលពេទ្យសាំងហ្គាពួរគ្មានសមត្ថភាពនឹងព្យាបាល កំពុងតែស្ថិតនៅមន្ទីរពេទ្យហុងកុងមែនទេ? តើជា ហ៊ុន សែន ពិតឬមិនពិត? មិនមែនជាការទះកំភ្លៀងអ្នកណាមួយទេ ក៏ប៉ុន្តែ យើងចង់ធ្វើអោយកាន់តែច្បាស់ថា មិនមានការក្លែងបន្លំ និងភាពអគតិណាមួយកើតឡើងនៅក្នុងសង្គមរបស់យើងនោះទេ។ ថ្ងៃនេះ យើងពិតជាមានសេចក្តីរីករាយ ដែលបានមករួមជាមួយគ្នា ដើម្បីអបអរសាទរនូវការដាក់តំបន់ប្រាសាទសំបូរព្រៃគុក គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាព្រឹត្តិការណ៍ថ្មីមួយទៀត នៃព្រះរាជាណាចក្រកម្ពុជា។ ជាដំបូងនេះ អនុញ្ញាតអោយខ្ញុំ និងភរិយា សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា…