កូរ៉េខាងត្បូង អរគុណកម្ពុជា ដែលមិនចាត់វិធានការហួសហេតុចំពោះពលរដ្ឋខ្លួន ក្រោយផ្ទុះ COVID-19
FN ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្តែងការពេញចិត្តចំពោះកាយវិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនរើសអើង ឬចាត់វិធានការហួសហេតុទៅលើបប្រជាពលរដ្ឋកូរ៉េខាងត្បូង ក្នុងការចេញចូលប្រទេសកម្ពុជា បន្ទាប់ពីប្រទេសមួយនេះរងការវាយប្រហារដោយមេរោគ COVID-19។ លោក ឡុង ឌីម៉ង់ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានឱ្យ Fresh News ដឹងនៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានអរគុណដល់កម្ពុជាចំពោះកាយវិការមិនរើសអើង និងរឹតបន្តឹងហួសហេតុលើការធ្វើដំណើររវាងប្រទេសទាំងពីរ។ ផ្ទុយទៅវិញ បានជ្រើសវិធានការម៉ឺងម៉ាត់ក្នុងការតាមដានរោគសញ្ញារបស់អ្នកដំណើរតាមច្រកទ្វារអន្តរជាតិប្រទេសទាំងពីរ។ បើតាមលោក ឡុង ឌីម៉ង់ ការថ្លែងអំណរគុណរបស់លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានធ្វើដោយផ្ទាល់មាត់តាមរយៈរូបលោក ក្នុងពេលចូលរួមកិច្ចប្រជុំជាលើកទី៣រវាងលោកស្រីរដ្ឋមន្ត្រី និងអង្គទូតនានាលើបច្ចុប្បន្នភាពនៃជំងឺ COVID-19 នៅប្រទេសកូរ៉េខាងត្បូង។ លោក ឡុង ឌីម៉ង់ បានឱ្យដឹងផងដែរថា ក្នុងកិច្ចប្រជុំនោះ លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានចែករំលែកពីស្ថានភាពវិវឌ្ឍន៍នៃជំងឺ COVID-19, ពីវិធានការទប់ស្កាត់ការឆ្លង។ លោកស្រី ក៏បានបញ្ជាក់ពីគោលជំហររបស់កូរ៉េខាងត្បូង ចំពោះការប្រឈមទៅនឹងការចាត់វិធានការហួសហេតុពីបណ្តាប្រទេសមួយចំនួន ក៏ដូចជាវិធានការណ៍ជាទីទុកចិត្តរបស់កូរ៉េក្នុងការគ្រប់គ្រងប្រទេសក្នុងកាល:ទេស:មានវិបត្តិ សំដៅធានារក្សាបាននូវសុខមាលភាពទាំងជនបរទេស ក៏ដូចជាប្រជាជនកូរ៉េខាងត្បូង។ សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង ជាប្រទេសមួយដែលកំពុងវាយប្រហារធ្ងន់ធ្ងរពីជំងឺ COVID-19…