ឈប់យកថ្លៃប្រើផ្លូវលេខ ៤ បង្កើនភាពប្រកួតប្រជែង, ត្រូវការពូជស្រូវល្អ មិនប្រកាន់រដូវ
នៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៦ ក្នុងកម្មវិធីបើកវេទិកាស្រូវអង្ករកម្ពុជា លើកទី ៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលរាជរដ្ឋាភិបាលបញ្ចប់នូវកិច្ចសន្យាថែទាំផ្លូវជាតិលេខ ៤ នឹងបានជាផលដល់ សហព័ន្ធស្រូវអង្ករ និងអ្នកនាំចេញទូទៅ ដែលពីមុនមកធ្លាប់តែបង់សេវាដឹកជញ្ជូននៅតាមផ្លូវជាតិលេខ ៤។ ការបញ្ចប់កិច្ចសន្យា បានសម្រួលឲ្យប្រជាពលរដ្ឋមិនបង់ប្រាក់នេះម្យ៉ាង ហើយម្យ៉ាងទៀត ក៏បានជួយផងដែរទៅដល់ការសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម បង្កើនការប្រកួតប្រជែងនៅទីផ្សារខាងក្រៅ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា រវាងភ្នំពេញ និងទីក្រុងព្រះសីហនុ ដែលមានកំពង់ផែសមុទ្រទឹកជ្រៅ ផ្លូវដែកនឹងដំណើរការ ដែលតម្រូវឲ្យបង្វែរគិតគូរការដឹកជញ្ជូនទៅតាមផ្លូវរថភ្លើងវិញ សម្រាប់បម្រើឲ្យការនាំចេញ និងការនាំចូលរបស់ធ្ងន់ ដូចជាដែក ជាស៊ីម៉ង់ត៍។ល។ ពាក់ព័ន្ធដល់ផលិតកម្មស្រូវ សម្តេចតេជោ បានលើកឡើងថា អង្ករផ្ការំដួលមានគុណភាពល្អអាចប្រកួតឈ្នះគេមែនពិត ប៉ុន្តែកម្ពុជាអាចដាំដុះស្រូវផ្ការំដួលតែម្ដងទេក្នុងមួយឆ្នាំ ព្រោះជាពូជដែលប្រកាន់រដូវ។ សម្តេចបានណែនាំអោយមានការសិក្សាស្រាវជ្រាវអំពីពូជស្រូវដែលល្អដូចគ្នា តែមិនប្រកាន់រដូវ ដើម្បីបម្រើអោយគោលដៅនៃការនាំចេញ៕