FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹង នៅលើ Facebook ផ្លូវការសម្តេចថា ស្ពាន៥មករា បានដាក់ឲ្យប្រើប្រាស់ការរយៈពេល១ឆ្នាំហើយ គិតចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពីមានការដាក់ដំណើរការស្ពាននេះគឺ ពិតជាបានជួយសម្រួលចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋបានច្រើន។
Facebook ផ្លូវការរបស់សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ពានអាកាស៥មករា (ស្ពានតិចណូ) ថ្ងៃនេះក៏ជាថ្ងៃ ខួប១ឆ្នាំនៃការសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាស៥មករា (ស្ពានតិចណូ) ដែលស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រង់ចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីគីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុង ត្រង់ភ្លើងស្តុបតិចណូ។ ស្ពាន៥មករា បានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាំងពីស្ពានអាកាសនេះបានដាក់អោយដំណើរការ គឺពិតជាបានជួយសម្រួលចរាចរណ៍ដល់បងប្អូន ប្រជាពលរដ្ឋបានច្រើនណាស់។ ពីមុនចំណុចប្រសព្វផ្លូវនៅម្តុំនេះគឺកកស្ទះចរាចរណ៍ខ្លាំងណាស់ ជាពិសេសពេលរថយន្តបត់ចេញចូលទៅទីតាំងទួលគោក»។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជួយថែរក្សាផ្លូវស្ពាន ដើម្បីយើងប្រើប្រាស់បាន យូរអង្វែង និងសូមបើកបរ គោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នជានិច្ច ហើយត្រូវមានការយោគយល់អធ្យាស្រ័យ ដល់គ្នា ទៅវិញទៅមកដើម្បីសុវត្ថិភាពទាំងអស់គ្នា៕