FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមការប្រកួតកីឡា កងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០៦ ដល់០៨ ខែមករា ឆ្នាំ២០១៧ ឲ្យបានគ្រប់ៗគ្នា។ នេះបើតាមការបង្ហោះឲ្យដឹងនៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅមុននេះបន្តិច។
Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ គឺធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ ០៨ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
Facebook សម្តេចតេជោ ដដែលបន្ថែមថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ (ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖
១៖ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិថ្ងៃជ័យជំនះពីរបបប្រល័យពូជសាសន៍ប៉ុលពត (៧ មករា ១៩៧៩ – ៧ មករា ២០១៧)
២៖ ដើម្បីប្រមូលមូលនិធិគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា។
៣៖ ដើម្បីបង្ហាញដល់សាធារណជន និង មហាជនស្វែងយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសជាសារអំពាវនាវឲ្យដឹងថា «សូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា! ជយោកងទ័ពជាតិកម្ពុជា!»៕