FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រសាសន៍ថា កម្ពុជានិងស៊ុយអ៊ែត បានឯកភាពគ្នាក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែខ្ពស់ឡើង ហើយពិនិត្យមើលសក្តានុពលនានា ដែលប្រទេសទាំងពីរអាចសហការគ្នាបាន ជាពិសេសវិស័យសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្មជាដើម។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេចតេជោ អនុញ្ញាតឲ្យ លោកស្រី Maria Sagren ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត (Sweden) ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ នៅក្នុងជំនួបពិភាក្សានោះ សម្ដេចតេជោ បានបង្ហាញភាពរីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានធ្វើការរួមគ្នាលើបញ្ហាកិច្ចផ្ដួចផ្ដើមសកលលើបញ្ហាសិទ្ធពលករ និងបញ្ហាបៀវត្សរបស់ពលករជាដើម។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងប្រទេសស៊ុយអែត ដែលកន្លងមក ធ្លាប់បានជួយប្រទេសកម្ពុជា កាលពីទសវត្សទី៨០បន្ទាប់ពីការផ្ដួលរំលំរបប ប៉ុលពត មក ដែលបានទទួលស្គាល់រដ្ឋកម្ពុជានាពេលនោះ។ ជាមួយគ្នានោះ លោកស្រី Maria Sagren បានគោរពជម្រាបជូន សម្ដេចតេជោ អំពីអារម្មណ៍រំភើបរីករាយ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា។…