FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី២២ ខែមីនានេះថា នៅរយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យប្រជាពលរដ្ឋជិះ រថយន្តក្រុងទាំង៥៧គ្រឿង ដែលកំពុងរត់តាងខ្សែនានាក្នុងរាជធានី ភ្នំពេញ ដោយឥតគិតថ្លៃដើម្បីផ្តល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលមិនបានចេញទៅតាមបណ្តាខេត្ត។
ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិត-សិស្ស សរុបប្រមាណ៩៨៤នាក់ នារី៣៨០នាក់ ដែលបានបញ្ចប់ការសិក្សានៅឆ្នាំសិក្សា២០១៥-២០១៦ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «ពិតហើយមានក្រុមហ៊ុន Ganzberg គាត់ជួលឡាន១០០គ្រឿង សម្រាប់ការផ្តល់សំបុត្រឲ្យមនុស្សជិះ ដូចជា៥ពាន់នាក់ ដោយអត់យកប្រាក់, ឥឡូវនេះឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ប្រកាសថា ក្នុងរយៈពេល៥ថ្ងៃ រថយន្តនៅក្រុងភ្នំពេញ ចំនួន៥៧គ្រឿង ដែលកំពុងតែរត់តាមខ្សែ ក្នុងក្រុងភ្នំពេញនេះ គឺជិះអត់យកលុយ ជិះ Free តែម្តង។ សូមប្រជាពលរដ្ឋដែល អត់ធ្វើដំណើរទៅតាមខេត្ត មកចូលរួមជិះឡាននេះ ដើរមើលក្រុង ព្រោះអ្នកអត់ទៅតាមខេត្ត អាចមកជិះមើលក្រុង ពីខ្សែមួយទៅខ្សែមួយ ជិះឲ្យគ្រប់ រួចចូលសម្រាកងើបពីសម្រាកហើយ ឡើងមកជិះទៀត ដែលនេះ (ជិះរត់ឥតគិតថ្លៃ) ជាការបង្កើននូវការរីករាយ សម្រាប់អ្នកនៅតាមខេត្តផង និងអ្នកនៅទីក្រុងដែលមិនទៅណាផង ហើយអ្នកជនបទដែលមកលេងនៅទីក្រុង ក៏មកដល់ជិះឡានហ្នឹងមិនបាច់អស់លុយដែរ»។
លោក ប៉ា សុជាតិ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រយៈពេល៥ថ្ងៃដែល Free ជូននោះគឺចាប់ពីថ្ងៃទី១២-១៣-១៤-១៥-១៦។ កន្លងមករថយន្តក្រុងរបស់រាជធានីភ្នំពេញ បានផ្តល់ជូន Free ដល់សិស្សនិស្សិត និងព្រះសង្ឃផងដែរ ប៉ុន្តែនៅឱកាសចូលឆ្នាំថ្មីនេះគឺឥតគិតថ្លៃទាំងអស់តែម្តង។
សូមជម្រាបថា ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ (GANZBERG) បានរៀបចំរថយន្តក្រុងចំនួន១០០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋខ្មែរ បានទៅជួបជុំក្រុមគ្រួសារ នៅស្រុកកំណើតដោយឥតគិតថ្លៃ។
តំណាងក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានលើកឡើងថា៖ «ដើម្បីចូលរួម អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយពលរដ្ឋ នៅទូទាំងប្រទេសខាងមុខ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានបង្កើតកម្មវិធីពិសេសមួយ ពុំធ្លាប់មានកន្លងមក ដោយក្រុមហ៊ុនបានរៀបចំ រថយន្តក្រុងចំនួន១០០គ្រឿង ហៅថា GANZBERG UBER BUS ដើម្បីសម្រួលដល់ការធ្វើដំណើរ ទៅជួបជុំញាតិមិត្តបងប្អូន និងក្រុមគ្រួសារ នៅស្រុកកំណើតចំនួន១៥ខេត្ត-ក្រុង ដោយឆ្លងកាត់ផ្លូវជាតិចំនួន៨ខ្សែទូទាំងប្រទេស»។
សូមបញ្ជាក់ថា ខេត្តក្រុងទាំង១៥ ដែលរថយន្ត GANZBERG UBER BUS ធ្វើដំណើរទៅដល់មានដូចជា ខេត្ដស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ក្រុងព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មំ ខេត្តក្រចេះ និងខេត្ដព្រៃវែង។ អាស្រ័យហេតុនេះ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់បណ្តាខេត្តក្រុង នានាទាំង១៥នេះ សូមអញ្ជើញមកទទួលសំបុត្រដោយឥតគិតថ្លៃ ពីស្តង់ GANZBERG UBER BUS នៅកោះពេជ្រ ចាប់ពីថ្ងៃទី៨ ខែមេសា ម៉ោង៨ព្រឹកតទៅ និងចែកជូនរហូតអស់សំបុត្រ៕