FN ៖ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ បានលើកឡើងថា ជនមួយចំនួនមិនដែលទទួលស្គាល់ នូវការរីក ចម្រើនដ៏ពិតប្រាកដរបស់ប្រទេសកម្ពុជានោះទេ ទោះបីជារាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ហើយពួកគេបែរជារិះគន់ថាកម្ពុជាអត់គោរពសិទ្ធិមនុស្ស ហើយសម្លាប់ប្រជាធិបតេយ្យវិញ។
ការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផល «គម្រោងការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលនៅកម្ពុជា» ក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសកូរ៉េ នៅទីស្នាក់ការរបស់ អាកាសចរណ៍ស៊ីវិល នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ។
ឧបនាយករដ្ឋមន្ត្រីបានលើកឡើងយ៉ាងដូច្នោះថា «ខ្ញុំមានឆ្ងល់មួយ មានអ្នកខ្លះបដិសេធ ហើយក៏មើលមិនឃើញចំពោះភាពរីកចម្រើនរបស់កម្ពុជាទេ បែរជារកគ្រប់វិធីទាំងអស់ ទៅប្រមែលប្រមូលនៅភាពអសកម្ម វៃប្រហាររាជរដ្ឋាភិបាល វៃប្រហាការរីកចម្រើន គ្រប់ផ្នែកទាំងអស់ជាបន្តបន្ទប់ទៅវិញ»។
លោកបានបន្ថែមថា «អត់ដែលទទួលស្គាល់ការរីកចម្រើនដ៏ពិតប្រាកដរបស់កម្ពុជានោះទេ នេះជារឿងមួយ និងរឿងមួយទៀត បែរជាឃើញណាស់ ឃើញខ្លាំង ខ្លាចមែនទែនថា កម្ពុជាអត់គោរពសិទ្ធិមនុស្ស និងកម្ពុជាគឺកំពុងតែសម្លាប់ប្រជាធិបតេយ្យ ទៅណាទៅន័យវិញ ដែលហួសពីធាតុពិតនូវ អ្វីដែលកើតឡើង នៅប្រទេសកម្ពុជា»។
លោក ទៀ បាញ់ បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាមិនដែល ធ្វើអ្វីហួសហេតុទេ។ កម្ពុជាបានបើកសិទ្ធិសេរីភាពគ្រប់បែបយ៉ាងទាំងអស់ ប៉ុន្ដែនៅគេចោទថា អត់គោរពសិទ្ធិ និងអត់មានប្រជាធិបតេយ្យ៕