កម្ពុជានាំចេញកៅស៊ូបានជាង១៥ម៉ឺនតោន ទទួលបានចំណូលជិត២៥០លានដុល្លារ ក្នុងរយៈពេល១១ខែ
FN ៖ រយៈពេល១១ខែ ឆ្នាំនេះ ពោលគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូ បានជាង១៥ម៉ឺនតោន ដោយទទួលបានចំណូលជិត២៥០លានដុល្លារ។ នេះបើតាមរបាយការណ៍ផ្លូវការរបស់ អគ្គនាយកដ្ឋានកៅស៊ូ ស្ដីពី ស្ថានភាពការងាររបស់អគ្គនាយកដ្ឋានកៅស៊ូ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ដ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ទៀតថា រយៈពេល១១ខែនេះ កម្ពុជាបានប្រមូលផលជ័រកៅស៊ូបានចំនួន១៥២,៩៦២តោន កើនឡើងចំនួន៣៦៦១៣តោន ស្មើនឹង៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន និងទទួលបានថវិការ ជិត២៥០លានដុល្លារ ដែលតម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងរយៈពេល១១ខែ គឺ១,៦២៥ដុល្លារក្នុង១តោន កើនឡើង៤៥២ដុល្លារក្នុង១តោន សើ្មនឹង៣៨ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួនជិត៤៤ម៉ឺនហិកតា ក្នុងនោះផ្ទៃដែលអាចចៀរជ័របានចំនួន១៧ម៉ឺនហិកតា និងផ្ទៃដីថែទាំជិត២៧ម៉ឺនហិកតា៕