FN ៖ នៅថ្ងៃសុក្រ១១កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាចំនួន១លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយស។
ពិធីនេះប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានមូលនិធិ និងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងគណៈប្រតិភូជាច្រើននាក់ទៀតនៃមន្ទីរពេទ្យគន្ធបុប្ផា ។
ក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា នេះជាលើកទីមួយហើយ ដែលបានដឹកនំាគណៈប្រតិភូ មកជួបសវនាការ និងទទួលថវិកាពីកាកបាទក្រហមកម្ពុជា ហើយលោក ក៏បាន ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះវប្បធម៌ចែករំលែកយ៉ាងពិសេសនេះ ក្នុងនោះលោកនឹងបន្ដចែកជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ ដើម្បីចូលរួមចំណែកជួយដល់កុមារកម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងទៀតថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺបង្កើតឡើងក្រោមកិច្ចផ្ដួចផ្ដើម របស់សម្តេចតេជោ ហ៊ុន សែន ហើយតាមរយៈនៃការកកើតនៃមូលនិធិនេះ ក្រោមការជួយ របស់រាជរដ្ឋាភិបាល ក៏បានត្រៀមនូវថវិកាចំនួន១០លានដុល្លារទុកផងដែរ។ បើគិតត្រឹមថ្ងៃទី២៥ឧសភានេះ មូលនិធិគន្ធបុប្ផាកម្ពុជា គឺទទួលបានថវិកាចូលរួម ពីសប្បុរស ជនជាង៤លានដុល្លារអាមេរិក។ ក្នុងនោះថវិកាសប្បុរស ជាដុល្លារមានចំនួន ៣,៥៨៣,២៨៣ដុល្លារ និងជាប្រាក់រៀលចំនួន ២,៥៧១,២១២,៣៥០រៀល។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា មូលនិធិដែលលោកទទួលបាន ពីកាកបាទក្រហមកម្ពុជា ចំនួន១លានដុល្លារនេះ ជាមូលនិធិ ដែលធំជាងគេ បន្ទាប់ពីមូលនិធិរបស់រាជរដ្ឋាភិបាល។ លើសពីនោះ លោកក៏បានធ្វើការសន្យាថា លោកនឹងរៀបចំមូលនិធិនេះ ទៅតាមតម្រូវការរបស់មន្ទីរពេទ្យគន្ធបុប្ផា ពិសេស គឺធានាបាននូវនិរន្ដភាពនៃមន្ទីរពេទ្យមួយនេះផងដែរ ។
ជាកិច្ចឆ្លើយតប លោកស្រីអនុប្រធានកាកបាទក្រហមកម្ពុជា បានជម្រាបជូនពីប្រវត្ដិ ក៏ដូចជាតួនាទីរបស់សមាគមជាតិ នៃកាកបាទក្រហមកម្ពុជា ដែលតែងតែជួយនូវជនងាយរងគ្រោះទាំងអស់ ដោយមិនទុក្ខអ្នកណាម្នាក់ចោលនោះឡើយ ហើយក៏នៅតែប្រកាន់ភ្ជាប់នូវសកម្មភាព ដ៏សកម្ម ជួយដល់ប្រជារាស្ដ្រទូទាំងប្រទេស ដែលជួបនូវការលំបាក ។កន្លងមកសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា គឺកាកបាទក្រហមកម្ពុជា គឺតែងតែជួយឧបត្ថម្ភថវិកា ១លានដុល្លារ ជារៀងរាល់ ។
ទន្ទឹមនឹងនោះ លោកស្រី អាន្នី សុខអាន ក៏បានរម្លឹកពីប្រវត្ដិស្នាដៃរបស់លោកវេជ្ជបណ្ឌិត Beat Richner ដែលលោកបានលះបង់ស្ទើរកន្លៈជីវិត ជួយដល់កុមារកម្ពុជា រាប់លាននាក់កន្លងមកនេះ ។ តាមរយៈកិច្ចផ្ដួចផ្ដើមរបស់សម្ដេចតេជោ មូលនិធិគន្ធបុប្ផាកម្ពុជា នឹងធានាបាននូវនិរន្ដភាព ពិសេសការជួយទ្រទ្រង់បន្ថែមទៀត ក្នុងការជួយលើកកម្ពស់សុខុមាលភាពរបស់កុមារកម្ពុជា។
ជាទីបញ្ចប់ លោកស្រី អាន្នី សុខអាន ក៏បានមានប្រសាសន៍ពាំនាំ ពិសេសនូវការកោតសរសើរពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គណៈប្រតិភូរបស់មូលនិធិគន្ធបុប្ផា ហើយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត សង្ឃឹមថា មូលនិធិគន្ធបុប្ផា នឹងបន្ដនិរន្ដភាពរបស់ខ្លួន ប្រកបដោយភាពជោគជ័យ ។
គួរបញ្ជាក់ផងដែរ ក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានប្រគល់ថវិកា ចំនួន ១លានដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ៕