សារពិសេសបន្ទាន់ ករណីរកឃើញវិជ្ជមាន កូវីដ-១៩ ក្នុងចំណោមបងប្អូនពលករខ្មែរមកពីថៃ
ខ្ញុំព្រះករុណា ខ្ញុំសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ ! គ្រប់គ្រងហ្មត់ចត់ តាមច្រកមានការគ្រប់គ្រង និងតាមច្រករបៀង ផ្អាកដឹកជញ្ជូន ពង្រឹងការធ្វើចត្តាឡីស័កតាមព្រំដែន ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ មានសារពិសេសបន្ទាន់ ដើម្បីនិយាយទៅកាន់ផ្នែកពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង។ សភាពការណ៍ក្នុងរយៈពេល ២ ថ្ងៃនេះ ពីម្សិល និងថ្ងៃនេះ នៅតាមព្រំដែនកម្ពុជាថៃ គឺមានការរកឃើញនូវអ្នកឆ្លងជំងឺ កូវីដ-១៩ ដែលបញ្ជាក់ថ្ងៃនេះ(ព្រឹក)ចំនួនពីរនាក់។ មកដល់ម៉ោង ៥ ល្ងាចនេះគឺមានឆ្លង ៦ នាក់។ ហើយបើតាមវិទ្យាស្ថានប៉ាស្ទ័រឲ្យដឹង នៅមានការសង្ស័យច្រើនទៀតដែលអាចថ្ងៃនេះ មានអ្នកឆ្លងអាចកើនលើសជាង ១០ នាក់។ ក្នុងស្ថានភាពបែបនេះ យើងត្រូវតែមានការខិតខំ ដើម្បីរួមចំណែកជាមួយព្រះរាជាណាថៃក្នុងការគ្រប់គ្រងសភាពការណ៍ ដែលនៅក្នុងប្រទេសថៃ កាលពីម្សិលមិញនេះ មានអ្នកឆ្លងរហូតដល់ ២៥០ នាក់ និងថ្ងៃនេះជិត ២០០ នាក់។ អ្នកដែលបានចូលមកពីប្រទេសថៃ គឺបានរកឃើញនៅតាមច្រកព្រំដែនរបស់យើង ដែលមានវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់។ ក្នុងស្ថានភាពនេះ គឺខ្ញុំព្រះករុណាខ្ញុំចេញបទបញ្ជាឲ្យកម្លាំងនៅតាមព្រំដែនទាំងអស់ គ្រប់គ្រងឲ្យបានហ្មត់ចត់ជាទីបំផុត ចំពោះអ្នកឆ្លងដែនទាំងនៅតាមច្រកដែលមានការគ្រប់គ្រងនិងតាមរបៀង។ ដាច់ខាតមិនឲ្យមានការលួចឆ្លងចូលមកផ្ទៃក្នុងប្រទេស ដោយមិនបានធ្វើការត្រួតពិនិត្យ មិនបានយកសំណាក និងធ្វើចត្តាឡីស័កនោះទេ។…