នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាចំពោះមុខសម្តេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណាឲ្យកិច្ចប្រជុំគណៈកម្មការទន្លេមេគង្គលើកទី៣ ទទួលបាននូវភាពជោគជ័យ ដើម្បីបម្រើផលប្រយោជន៍រួម
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមេសានេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអ៊ូចា (Prayut Chan-o-cha) នៅសណ្ឋាគារសុខា សៀមរាប។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយជំនួបនោះថា ក្នុងជំនួបពិភាក្សាការងារ លោកនាយករដ្ឋមន្ត្រីថៃ បានសម្តែងនូវការអបអរសាទរ ចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងខួបកំណើតរបស់សម្តេច កាលពីថ្ងៃម្សិលមិញ ហើយក៏បានជូនពរដល់សម្តេចតេជោ នឹងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ។ លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា លោកបានជួបសម្តេចតេជោ ជាញឹកញាប់ ដែលនេះជាការឆ្លុះបញ្ជាំង ពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយ៉ាងជិតស្និត រវាងថ្នាក់ដឹកនាំក៏ដូចជាឆ្លុះបញ្ជាំងទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អផងដែរ។ លោកនាយករដ្ឋមន្ត្រីថៃ ក៏បានបញ្ជាក់ទៀតថា កម្ពុជា និងថៃ កំពុងមានដំណើរការយ៉ាងល្អជាទីបំផុត ទោះយ៉ាងណាក៏ដោយ យើងត្រូវបន្តនូវសហប្រតិបត្តិការនេះបន្ថែមទៀត។…