សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យចេញអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលវៀតណាមមិនឱ្យចូលចត
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាបន្ទាន់មួយទៅកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យចេញអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលកំពុងជាប់នៅដែនទឹកក្នុងប្រទេសវៀតណាម បន្ទាប់ពីវៀតណាម មិនឱ្យចូលព្រោះបារម្ភមានជំងឺកូវីត១៩ (COVID-19)។ ការដាក់បញ្ជាឱ្យចេញអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅលើនាវាទាំង៤គ្រឿង បានកើតឡើងបន្ទាប់ពីម្ចាស់នាវានេះ បានស្នើដោយផ្ទាល់ទៅកាន់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈទំព័រ Facebook របស់សម្តេច។ លោក ផាន សុបិន្ត ម្ចាស់នាវាទេសចរណ៍ បានសរសេររៀបរាបលើទំព័រ Facebook កាលពីថ្ងៃទី១៥ ខែមីនា ម្សិលមិញថា របស់លោកចំនួន៤គ្រឿង ដែលជានាវាចុះបញ្ជីនៅប្រទេសកម្ពុជា ដឹកភ្ញៀវពីខេត្តសៀមរាប ទៅកាន់ប្រទេសវៀតណាម ត្រូវបានជាប់គាំងនៅកណ្តាលទន្លេក្នុងប្រទេសវៀតណាម ដោយសារអាជ្ញាធរវៀតណាម មិនអនុញ្ញាតឱ្យនាវាដាក់ភ្ញៀវនោះឡើយ។ លោក សុបិន្ត បន្តថា លើនាវានោះមាននាវិកសរុប ៩០នាក់ និងភ្ញៀវចម្រុះជាតិសាសន៍ជាង ៦០នាក់។ ការដែលវៀតណាម មិនអនុញ្ញាតឱ្យចូលចិត្តនេះ ធ្វើឱ្យនាវាជួបប្រទះនូវការខ្វះខាតទឹកប្រើប្រាស់ ប្រេង និងអាហារហូបចុកលើនាវាផងដែរ។ លោក ផាន សុបិន្ត បានសុំសម្តេចតេជោជួយអន្តរាគមន៍ ដើម្បីបើកផ្លូវនៅក្អមសំណរឱ្យនាវាទាំង៤នេះ បានត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។…