សំណេរលើហ្វេសប៊ុក ផេក សម្ដេចតេជោ ហ៊ុន សែន

ខ្ញុំពិតជាមានការភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះ ឃើញរាប់សិបនាក់ចូលមកជេរ។ កាលឆ្នាំ ២០១៦(និងឆ្នាំ) ២០១៧ មានជាង ២០០០នាក់ ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុង រឿងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង។ ពេលនេះពួកគេចូលមកជេរតាម TikTok ម្តង ប្រហែលជាក្រោយខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។ ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនី តិចតុក និងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។ ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។ ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា? ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេ ដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់៕

អត្ថបទចម្លងសារ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាស្ដីពីគំរោងកសាងព្រែកជីកហ៊្វូណន-តេជោ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គុំព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីស្រឡាញ់! (១) ចលនាជាតិគាំទ្រគម្រោងដែលមានចរិតជាសេដ្ឋកិច្ច-សង្គម និងឯករាជ្យខាងនយោបាយ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ​មានបញ្ហាមួយចំនួនដែលត្រូវទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិ ទាក់ទិននឹងប្រធានបទ ”ព្រែកជីកហ៊្វូណន-តេជោ”។ ជាដំបូង អនុញ្ញាតឱ្យខ្ញុំព្រះកុរណាខ្ញុំបានថ្លែងនូវអំណរព្រះគុណ និងអរគុណចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ដែលផ្ដល់នូវការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ចំពោះ(គម្រោង)ព្រែកជីកហ៊្វូណន-តេជោ។ សូម្បី Profile Facebook, Profile Telegram, Profile WhatsApp និងមធ្យោបាយទំនាក់ទំនងដទៃទៀត ក៏មានការដាក់ Profile បង្ហាញការគាំទ្រសកម្មភាពរបស់រាជរដ្ឋា​ភិបាលទាក់ទងទៅនឹងការជីកព្រែកជីក(ហ៊្វូណន-តេជោ)នេះ។ ខ្ញុំព្រះករុណាខ្ញុំចាត់ទុកថា នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយ ដើម្បីគាំទ្រដល់គម្រោងដែលមានចរិតជាសេដ្ឋកិច្ច-សង្គមផង និងមានចរិតជាឯករាជ្យខាងនយោបាយផង។ (២) នាយករដ្ឋមន្ត្រី Pham Minh Chinh ផ្ញើសារគោរពអធិបតេយ្យភាពកម្ពុជា មកថ្នាក់ដឹកនាំកម្ពុជា អ្វីដែលខ្ញុំព្រះករុណាខ្ញុំធ្វើការកត់សម្គាល់ក្នុងរយៈពេលកន្លងទៅនេះ ទន្ទឹមនឹងការគាំទ្រដ៏ទូលំទូលាយពីសំណាក់ប្រ​ជាពលរដ្ឋរបស់យើង ក៏នៅមានការបកស្រាយខ្លះពីសំណាក់មនុស្សមួយចំនួនជាជនជាតិកម្ពុជា ពីសំណាក់អ្នកសរសេរអត្ថបទសារព័ត៌មានមួយចំនួននៅក្រៅប្រទេស និងការបកស្រាយមួយចំនួនរបស់បងប្អូនប្រជាជនវៀតណាម ឬក៏មន្ត្រីរបស់វៀតណាម។ បន្ទាប់ពីការដែលខ្ញុំព្រះករុណាខ្ញុំបានថ្លែងសារជូនចំពោះប្រជាពលរដ្ឋនៅក្នុងឱកាសចូលរួមក្នុងវេទិកាសមាគមឧកញ៉ា ដែលខ្ញុំព្រះករុណាខ្ញុំបានពន្យល់ពីអ្វីដែលបានកើតឡើង ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានអញ្ជើញទៅចូលរួមខួបលើកទី៧០ឆ្នាំនៃជ័យរបស់វៀតណាម នៅ Dien Bien…

សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាល និងពិសាបាយជាមួយសមាគមអ្នកឧកញ៉ា/ឧកញ៉ា

សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី! ជាដំបូង​ អនុញ្ញាតឱ្យខ្ញុំបានប្រសិទ្ធពរជូនសម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រីទាំងអស់នូវពរសម្រាប់ការចូលឆ្នាំកន្លងទៅ សូមឱ្យអ្នកទាំងអស់គ្នាជូនប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជា​មួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមអរគុណសមាគមឧកញ៉ា ដែលបានអញ្ជើញខ្ញុំចូលរួមនៅក្នុងពិធីបិទសន្និបាត ជួបជុំទទួលទានអាហារសាមគ្គី។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរជាមួយនឹងការរៀបចំសន្និបាតលើកទី១ របស់សមាគមឧកញ៉ា បន្ទាប់ពីត្រូវបានបង្កើតកាលពីឆ្នាំទៅ។ ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះការរៀបចំទាំងឡាយ ដើម្បីធ្វើឱ្យសមាគមឧកញ៉ារបស់យើង មានលក្ខន្តិក មានបទបញ្ជាផ្ទៃក្នុង និងការពង្រឹងសមត្ថកិច្ច/កិច្ចការពាក់ព័ន្ធ ជាមួយនឹងសមាគមឧកញ៉ា។ ថ្ងៃនេះ យើងក៏បានឃើញការរៀបរយនូវឯកសណ្ឋានប្រកបដោយកិត្តិយស សក្ដិសមជា​សមាគមមួយដែលបានចូលរួមចំណែកធំធេង ជាមួយនឹងរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍប្រទេសជាតិ។ (១) ការផ្តល់តួនាទីប្រធានកិត្តិយសនៃសមាគមឧកញ៉ា គឺជាការជឿជាក់ទៅលើសមត្ថភាពនិងការដឹកនាំ ខ្ញុំមានសេចក្តីរីករាយដែលបានទទួលការអញ្ជើញឱ្យធ្វើជាប្រធានកិត្តិយស។ ខ្ញុំគួរតែបញ្ជាក់ថា ហេតុអ្វីបានជាខ្ញុំទទួលយកនូវតួនាទីជាប្រធានកិត្តិយសនៃសមាគមឧកញ៉ា។ ច្បាស់ណាស់ថា អ្នកទាំងអស់គ្នាបានផ្ដល់កិត្តិយសឱ្យខ្ញុំ ជាមួយនឹងការជឿជាក់ទៅលើសមត្ថភាព និងការដឹកនាំរបស់ខ្ញុំ ហើយដែលយើងរស់នៅជាមួយគ្នាអស់រយៈពេលជាង ៤៥ឆ្នាំ។…