សុន្ទរកថា និងសង្កថា ក្នុងពិធី ទទួលពានរង្វាន់ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ

លោក ស៊ា មៀង (Ser Miang) សមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ កីឡាការិនីទាំងអស់ ! ថ្ងៃនេះ ខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារមានសេចក្តីរីករាយចំពោះការផ្តល់កិត្តិយស «ពានរង្វាន់ប្រធានគណៈ កម្មាធិការអន្តរជាតិ» ដល់រូបខ្ញុំនាពេលនេះ។ ពានរង្វាន់នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ សម្រាប់​រួម​ចំណែកគាំទ្របន្ថែម​ទៀត ដល់ដំណើរការអភិវឌ្ឍនវិស័យកីឡាកម្ពុជា ឱ្យកាន់តែរីកចម្រើនទាំង​បច្ចុប្បន្ន និង​ពេលខាងមុខទៀត។ ចំពោះមុខនេះ ខ្ញុំសូមថ្លែងអំណរគុណលោក ស៊ា មៀង សមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការ​អូឡាំ​ពិក​អន្តរជាតិ និងជាតំណាងលោកបណ្ឌិត Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលបាននាំយកពានរង្វាន់ខ្ពស់បំផុតរបស់ចលនាអូឡាំពិកនេះ មកប្រគល់ដល់រូបខ្ញុំ។ នេះគឺជាមោទនភាព​ថ្មីមួយទៀត សម្រាប់រូបខ្ញុំ ភរិយា ក្រុមគ្រួសារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករ-កីឡាការិនី​កម្ពុជា​ក៏ដូច​ជាប្រជាជាតិកម្ពុជាទាំងមូលផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជា​ជនកម្ពុជា ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារីករាយ និងមោទនភាព ខណៈដែលកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ និងសហការី ព្រមទាំងការរួមចំណែក ពីក្រុមកីឡាករ-កីឡាការិនីទាំងអស់ ក្នុងការលើកស្ទួយវិស័យកីឡាកម្ពុជា ឱ្យផុស​ត្រ​ដែតឡើងជាថ្មី និងបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលចំពោះទេពកោសល្យ និងសមត្ថភាពកីឡាករ​កម្ពុជា នាពេលបច្ចុប្បន្ននេះ។ ជាការពិត វិស័យកីឡាកម្ពុជាយើងធ្លាប់មានឧត្តមភាពនៅថ្នាក់តំបន់ និងទ្វីបឤស៊ីនាទសវត្សរ៍ទី ៦០ និង ៧០ ប៉ុន្តែ ដោយសារសង្គ្រាមក្រោយឆ្នាំ ១៩៧០ និងរបបប្រល័យពូជសាសន៍ប៉ុលពត ៣ ឆ្នាំ…