សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ, ខេត្តត្បូងឃ្មុំ

(១) មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ការខិតខំសម្រាប់សុខភាពប្រជាជននៅទីជនបទ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី អគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី បងប្អូនជនរួមជាតិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលស្ថិតនៅទីកន្លែងអនុស្សាវរីយ៍។ ខ្ញុំនឹងនិយាយនៅថ្ងៃនេះបន្ដិច កាលពី ៥០ឆ្នាំមុន ឬអាចថា ៤៩ឆ្នាំមុន តើកើតឡើងនូវរឿងអ្វីនៅលើទឹកដីក្បែរខាងនេះ? ខ្ញុំសុំយកឱកាសនេះ សំដែងជូននូវការអបអរសាទរជាមួយនឹងសមិទ្ធផលថ្មី ដែលយើងបានទទួលនៅក្នុងទឹកដីនៃស្រុកក្រូចឆ្មារបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ជា សុផារ៉ា​ ដែលបានដឹកនាំកសាងនូវមន្ទីរពេទ្យដ៏ធំមួយនេះ។ ដូចដែលឯកឧត្តម រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍អម្បាញ់មិញ។ វាជាការខិតខំមួយ ដើម្បីបង្កើតឡើងនូវស្ថានភាពដ៏ល្អប្រសើរសម្រាប់ជីវភាព សុខភាពប្រជាជនរបស់យើងនៅទីជនបទ។ (២) ជំងឺមិនស្លាប់អាចស្លាប់បាន ដោយសារខ្វះមន្ទីរពេទ្យ គ្រូពេទ្យ គ្មានហេដ្ឋារចនាសម្ព័ន្ធ បើយើងពិនិត្យកាលពីដើមឡើយ ស្រុកក្រូចឆ្មារ គឺជាទីជនបទ។ ពិតមែនហើយ … គេបែងចែកអ្នកទន្លេ ជាអ្នកកំពង់និងអ្នកជនបទថែមទៀត។ យ៉ាងណាក៏ដោយ អ្នកកំពង់ក៏ស្ថិតនៅជាអ្នកជនបទ។…