សេចក្ដីដកស្រង់ប្រសាសន៍ ពិធីដាំកូនឈើនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ក្រោយពីរឆ្នាំ បានមកកាន់ទីកន្លែងនេះម្តងទៀត ដំបូងខ្ញុំសូមសម្តែងនូវការស្វាគមន៍ ជាមួយវត្តមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស បងប្អូនជនរួមជាតិដែលបានចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំនៅចាំបានថាកាលពីឆ្នាំ ២០១៦ គឺក្រោយចូលឆ្នាំ ខ្មែរដូចគ្នានៅក្នុងអំឡុងចុងខែមេសា ខ្ញុំបានមកកាត់ស្រុកឆែប ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រផលិត ស្ករ​​សកាលពីពេលនោះ។ ពីរឆ្នាំក្រោយគឺបានមកកាន់ទីកន្លែងនេះម្តងទៀត តែធ្វើកម្មវិធីផ្សេងទាក់ទិនជាមួយ នឹងការអភិរក្ស និងដំណើរអភិវឌ្ឍរបស់យើង។ ពិតហើយគឺតាមគម្រោងកាលពីមុននេះ រាជបណ្ឌិតសភាស្នើសុំ ឲ្យមានការដាំកូនឈើនេះ នៅក្នុង ខែមិថុនា ឯណោះ ព្រោះជារដូវភ្លៀងធ្លាក់ តែដោយសារពិនិត្យឃើញថា នៅក្នុងខែមិថុនា គឺជាខែដែលរវល់ជាទីបំផុត ហើយវាកៀកទៅនឹងការបោះឆ្នោតទៀតផង បានជាខ្ញុំសម្រេចជ្រើសរើសយកថ្ងៃនេះ គឺជាថ្ងៃដើម្បីធ្វើពិធីដាំកូនឈើក្នុងឧទ្យានរាជបណ្ឌិតសភា តេជោសែន ឫស្សីត្រឹប នៅទីនេះតែម្តង​។ ទោះមានកិច្ចការរវល់យ៉ាងណាក៏មិនលុបកម្មវិធីថ្ងៃនេះ កាលពីថ្ងៃប្រជុំគណៈរដ្ឋមន្រ្តី មានកិច្ចការច្រើនណាស់ ប៉ុន្តែ យើងមិនបានលុបចោលនូវកម្មវិធីដែលត្រូវមកទីនេះ (ហើយក៏មាន)ការប្រថុយប្រថានអំពីបញ្ហាធាតុអាកាស។ តែធាតុអាកាសថ្ងៃនេះ អនុញ្ញាតឲ្យខ្ញុំបានធ្វើដំណើរមក ប៉ុន្តែខាងផ្នែកឧតុនិយមកំណត់ឲ្យខ្ញុំបានត្រឡប់ទៅដល់ភ្នំពេញមុនម៉ោង ១២ ដោយសារតែបញ្ហាធាតុអាកាស។ យប់មិញនេះ មានភ្លៀងខ្លាំងធ្លាក់នៅទីនេះផង។ លំបាកណាស់នៅក្នុងការធ្វើដំណើរក្បាលអត់ជាប់មេឃហើយជើងអត់ជាប់ដី។ ការពិតយើងគួរតែធ្វើដំណើរតាមរថយន្ត ប៉ុន្តែប្រហែលជាបងប្អូនជនរួមជាតិបានដឹងហើយថា ការងាររបស់ខ្ញុំ គឺវាច្រើន…