ដកស្រង់ប្រសាសន៍ជាសារសំឡេងស្ដីពីណែនាំអាជ្ញាធររាជធានី-ខេត្ត ពាក់ព័ន្ធការដាក់ចេញវិធានការរដ្ឋបាល និងបញ្ជាឱ្យកែសម្រួលឡើងវិញជាបន្ទាន់

ជូនឯកឧត្តម លោកជំទាវ អភិបាលខេត្តរាជធានី រាជរដ្ឋាភិបាលបានបិទបញ្ចប់ក្នុងការបិទទីក្រុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ក៏ដូចជាការបិទបញ្ចប់សម្រាប់ការធ្វើដំណើរឆ្លងខេត្តតាំងពីរយៈពេលមុនមកម្ល៉េះ។ ក្នុងពេលបិទបញ្ចប់នេះរាជរដ្ឋាភិបាលក៏បានផ្តល់អំណាចទៅឲ្យអភិបាលខេត្តរាជធានីដើម្បីគ្រប់គ្រងសភាពការណ៍តាមការជាក់ស្តែង។ ប៉ុន្តែ ខ្ញុំពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បម្រាមរហូតទៅដល់កម្រិតប្រជាពលរដ្ឋកម្ពុជាខ្លួនឯងដែលចូលទៅកាន់ខេត្តខ្លួន ចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។ នេះមិនខុសពីការដែលយើងបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ។ ដូចជាខ្ញុំត្រូវធ្វើដំណើរទៅឥណ្ឌូនេស៊ី ត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ បើ(បណ្តាខេត្ត)ធ្វើយ៉ាងដូច្នេះ វាស្មើនឹងការបិទរដ្ឋឡើងវិញ បិទប្រទេសឡើងវិញ។ ឧទាហរណ៍ ប្រជាជនត្រូវឆ្លងកាត់នៅខេត្តនោះចាំបាច់ត្រូវតែធ្វើចត្តាឡីស័កនៅក្នុងខេត្តមួយនោះ។ យើងត្រូវបន្តគ្រប់គ្រងនូវការធ្វើចត្តាឡីស័កចំពោះអ្នកដែលសង្ស័យដែលមានហានិភ័យថាមានកូវីដ-១៩ ដើម្បីឲ្យទៅយកសំណាកហើយត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ដែលឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ។ បើធ្វើយ៉ាងដូច្នេះ ប្រជាជនហាក់ដូចនៅក្នុងទ្រុងដដែល។ សុំឲ្យឯកឧត្តម លោកជំទាវ អភិបាលខេត្តណាដែលបានចេញសេចក្តីសម្រេចហួសទៅហើយត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឲ្យមានការចរាចរសម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំនិយាយនេះមិនមែនសំដៅមិនឲ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យដែលយើងតម្រូវឲ្យយកសំណាក និងនាំការធ្វើចត្តាឡីស័កដែលចៀសវាងមិនបាននោះទេ ក៏ប៉ុន្តែគឺសំដៅឲ្យកែសម្រួលសេចក្តីសម្រេច ដើម្បីបើកឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន។ បើមិនដូច្នោះទេ គ្រប់ខេត្តនីមួយៗ ដាក់(ការកំណត់អោយ)ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ វាមិនខុសពីចែកកម្ពុជាទៅជា ២៥ ប្រទេស (ដែលការ)ឆ្លងពីខេត្តមួយទៅខេត្តមួយ (តម្រូវអោយ)ធ្វើចត្តាឡីស័កនោះទេ។ បើចេញពីខេត្ត(នោះ) ចូលមកខេត្តនេះវិញ (ក៏ត្រូវ)ធ្វើចត្តាឡីស័ក ដូច្នោះតើយើងរស់របៀបម៉េច? អញ្ចឹងខ្ញុំសុំស្នើឲ្យឯកឧត្តមលោកជំទាវអភិបាលខេត្តរាជធានីត្រូវធ្វើការកែសេចក្តីសម្រេចជាបន្ទាន់របស់ខ្លួន។ បើមិន(កែសេចក្តីសំរេច)ដូច្នេះ យើងគ្រប់គ្រងប្រជាជនដែលនៅក្នុងតែខេត្តរបស់ខ្លួន ហើយប្រជាជនខេត្តដទៃដែលទៅរកស៊ីធ្វើការចូលទៅក្នុងខេត្តរបស់ខ្លួនត្រូវតែធ្វើចត្តាឡីស័ក ដល់ប្រជាជនខ្លួនចេញទៅខេត្តដទៃក៏ត្រូវធ្វើចត្តាឡីស័ក។…

សារសម្លេង ស្ដីពី យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ត ដែលមានអន្តរាគមន៍ពីពេទ្យនៅថ្នាក់ជាតិ

  ជូនឯកឧត្ដម លោកជំទាវ អភិបាលខេត្ត រាជធានី! នៅពេលខាងមុខនេះ ការចាក់វ៉ាក់សាំងរបស់យើងនឹងធ្វើដោយទ្រង់ទ្រាយធំ ហើយដែលមានអន្តរាគមន៍ពីពេទ្យទៅពីថ្នាក់ជាតិចូលរួមផងដែរ។ តាមគម្រោងរបស់យើង ក្នុងមួយខែត្រូវចាក់ឱ្យបានក្នុងកម្រិតយ៉ាងហោចគឺ ១ លានដូស ព្រោះថាវ៉ាក់សាំងដែលយើងទិញ និងទទួលជំនួយ នឹងមកជាបន្តបន្ទាប់។ ដូច្នេះ វ៉ាក់សាំងត្រូវបញ្ជូនទៅចាក់ឱ្យប្រជាពលរដ្ឋ។ ក្នុងរឿងនេះ ខ្ញុំសូមស្នើឱ្យអភិបាលខេត្តទាំងអស់ ខ្ញុំមិននិយាយពីរាជធានីភ្នំពេញទេ តែនិយាយទៅតាមអភិបាលខេត្ត គឺត្រូវទទួលរ៉ាប់រងកន្លែងស្នាក់នៅរបស់ក្រុមគ្រូពេទ្យ ដែលទៅពីទីក្រុងភ្នំពេញ ដែលស្ម័គ្រចិត្តទៅជួយ ឬចល័តពីទី​កន្លែងមួយទៅកាន់ទីកន្លែងមួយ សូមឱ្យខេត្តទទួលខុសត្រូវទៅលើការស្នាក់នៅ។ សណ្ឋាគារ ផ្ទះសំណាក់ មាននៅសល់ច្រើន ដែលយើងអាចពឹងពាក់ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ ដើម្បីអាចនឹងផ្ដល់​ឱ្យគ្រូពេទ្យរបស់យើងស្នាក់នៅបាន ចៀសវាងការយកថវិកាទៅជួលបន្ថែម ក្នុងពេលដែលគ្រូពេទ្យស្ម័គ្រចិត្តទាំងនោះទៅជួយដល់ប្រជាជន។ អញ្ចឹង ថ្នាក់ជាតិទទួលខុសត្រូវទៅលើថវិកានៃការធ្វើដំណើរ និងការហូបចុករបស់ក្រុមគ្រូពេទ្យ ប៉ុន្តែ ការស្នាក់នៅជាសណ្ឋាគារ ឬផ្ទះសំណាក់ ត្រូវឱ្យអភិបាលខេត្តទទួលរ៉ាប់រង ទទួលខុសត្រូវ។ ខ្ញុំយល់ថា ប្រជាពលរដ្ឋនិងម្ចាស់សណ្ឋាគារនៅតាមទីកន្លែង ដែលក្រុមគ្រូពេទ្យទៅស្នាក់ មិនកំណាញ់ទេ ទៅលើកិច្ចសហការក្នុងស្ថានភាពមនុស្សធម៌បែបនេះ។ ដូច្នេះ ខ្ញុំសុំថា គណៈកម្មការចំពោះកិច្ចគឺរៀបចំគម្រោងនៃការចំណាយទៅលើការធ្វើដំណើរ និងការហូបចុកបានហើយ។ សម្រាប់ការស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ទុកការទទួលខុសត្រូវនេះឱ្យអភិបាលខេត្តទទួលរ៉ាប់រង។ ខ្ញុំគិតថា…