សារសម្លេង បញ្ជាឲ្យអាជ្ញាធរខេត្តតាមព្រំដែន ជួយសម្របសម្រួលចំពោះការរកស៊ីរបស់ប្រជាពលរដ្ឋជាមួយប្រទេសជិតខាង

ឯកឧត្ដម លោកជំទាវ អភិបាលខេត្ត ទាំងបណ្ដាខេត្តនៅតាមតំបន់ព្រំដែន ទាំងព្រំដែនជាមួយថៃ ទាំងព្រំដែនជាមួយវៀតណាម ទាំងព្រំដែនជាមួយឡាវ ក៏ដូចជាស្ថាប័នដែលមានការពាក់ព័ន្ធ! កន្លងទៅយើងបានធ្វើពង្រឹងចត្តាឡីស័ក ពង្រឹង និងគ្រប់គ្រងការចេញចូលរបស់ប្រជាជន ហើយយកគោលដៅច្បាស់លាស់ ពង្រឹងចត្តាឡីស័កនៅតាមតំបន់ព្រំដែន ដើម្បីចៀសវាងការហូរចូលនៃជំងឺពីក្រៅប្រ ទេសចូលមកក្នុងប្រទេស ប៉ុន្តែចំពោះការដឹកទំនិញរកស៊ីជាមួយគ្នានៅតែបន្តធ្វើធម្មតា។ សូមស្ដាប់ខ្ញុំឲ្យបានច្បាស់លើរឿងនេះ។ ខ្ញុំទើបបានទទួលដំណឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍មានដាក់ចេញបទបញ្ជាទៅតាមខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ច្រកប៉ៃលិន ថាមិនឲ្យបងប្អូនខ្មែរយើងដឹកកសិផលទៅព្រំដែនថៃដូចពីមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃស្អែក។ ហើយរថយន្តថៃបែរជាចូលមកក្នុងប្រទេសរបស់យើងវិញបាន។ បើសិនជាយ៉ាងដូច្នេះ ខ្ញុំសុំឲ្យក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដកនូវបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឲ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា។ ហើយមិនត្រឹមតែរកស៊ីធម្មតាទេ ខែនេះជាខែប្រមូលផល ត្រូវខិតខំឲ្យប្រជាជនអាចនាំចេញទៅបានកាន់តែច្រើនកាន់តែល្អ។ មិនអាចខាងថៃដឹកទំនិញចូលមកក្នុងប្រទេសយើងបាន ប៉ុន្តែបែរជាហាមឃាត់ប្រជាពលរដ្ឋខ្មែររបស់យើងមិនអាចដឹកទំនិញចេញទៅប្រទេសថៃ។ ជាមួយវៀតណាមក៏ដូចគ្នាដែរ ខ្ញុំសូមបញ្ជាក់ឡើងវិញ អ្វីដែលជាគោលបំណងរបស់យើង គឺគ្រប់គ្រងប្រជាពលរដ្ឋដើម្បីការធ្វើចត្តាឡីស័ក ក៏ប៉ុន្តែការធ្វើពា​ណិជ្ជកម្មតាមព្រំដែននៅតែធ្វើធម្មតា។ ខ្ញុំសុំឲ្យបណ្ដាខេត្តនៅតាមព្រំដែនទាំងអស់យកការទទួលខុសត្រូវ ដើម្បីនឹងចាត់វិធានការធ្វើយ៉ាងណាឲ្យប្រជាជននៅតែអាចបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយដែលមានការសម្រួលពីអាជ្ញាធររបស់យើងផង។ កូវីដ-១៩ វាបានបំផ្លាញយើងហើយ មិនអាចឲ្យមានការបំផ្លាញខាងសេដ្ឋកិច្ចបន្ថែមទៀតទេ។ ខ្ញុំសូមស្នើឲ្យ​សម្ដេចក្រឡាហោមបញ្ជាក់ឲ្យខ្ញុំ តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញបញ្ជាបែបនេះទៅកាន់កន្លែងណាខ្លះ? សូមឲ្យដកថយនូវបទបញ្ជានោះវិញ ព្រោះថាជំងឺកូវីដ-១៩ អត់មាននៅនឹងទំនិញទេ។ ទំនិញយើងដឹកទៅប្រទេសថៃ ឬដឹកទៅវៀតណាម ឬវៀតណាមដឹកចូលមកកម្ពុជា ថៃដឹកមកកម្ពុជា…