សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

(១) បើកការដ្ឋានស្ពានឆ្លងទន្លេមេគង្គនៅក្រចេះ … សមិទ្ធផលកើតពីសាមគ្គីភាពកម្ពុជា/ចិន សុខសប្បាយទេបងប្អូន? រងារដែរទេឥឡូវ? គេថាខែរងារត្រូវធ្វើយ៉ាងម៉េចនោះ។ ជិតដល់ខួបកាលដែលខ្ញុំការប្រពន្ធរងារអញ្ចឹងដែរ ប៉ុន្តែកាលពីការនោះមិនដូចការឥឡូវទេ។ ការឥឡូវគេការសម័យទំនើប ការជំនាន់ខ្ញុំ ១៣គូ រកកន្លែងផ្សំដំណេកមិនឃើញ។ ថ្ងៃនេះយើងជួបជុំគ្នាដើម្បីសម្ពោធបើកការដ្ឋានសម្រាប់ ការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ជាមួយនឹងការកសាងមហាវិថី ៣១ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទាននៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការប្រារព្ធពិធីនេះ ធ្វើឡើងបន្ទាប់ពីការចូលឆ្នាំថ្មី ឆ្នាំសកលឆ្លងពី ២០២២ មក២០២៣ ទើបនឹងបានរយៈជាង ៣០ ម៉ោងតែប៉ុណ្ណោះ។ សមិទ្ធផលនេះ បានកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងហ្នឹងបានកើតចេញពីការសាមគ្គីរវាងកម្ពុជានិងចិន។ ដូចដែលឯកឧត្តម​ វ៉ាង វិនធាន បានលើកឡើងអម្បាញ់មិញ ទាក់ទងជាមួយចំណងមិត្តភាពរវាងកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។ ប្រហែលជាបងប្អូនមួយចំនួននៅចាំថា កាលពីខែកុម្ភៈឆ្នាំទៅ ខ្ញុំជាមួយឯកឧត្តម វ៉ាង វិនធាន ក៏បានមកកាន់ខេត្តក្រចេះនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវការស្ដារឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ដែលតម្រង់ឆ្ពោះត្រង់ទៅខេត្តស្ទឹងត្រែង ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ រយៈពេលត្រឹមតែ ១០ខែក្រោយ​គឺចាប់ពីខែកុម្ភៈ រហូតមកដល់ពេលនេះ ខ្ញុំមកកាន់ខេត្តក្រចេះសាជាថ្មីម្ដងទៀត ដើម្បីបើកការដ្ឋានកសាងនូវសមិទ្ធផលដ៏ធំ សម្រាប់អ្នកខេត្តក្រចេះរបស់យើង ស្ពាននេះគឺជាស្ពានដែលវែងជាងគេក្នុងចំណោមស្ពានដែលមិត្តចិនបានជួយ ក្នុងរយៈពេលកន្លងទៅ។ (២) ចិនជួយសង់ស្ពានឆ្លងទន្លេមេគង្គ…