សេចក្តីដកស្រង់ប្រសាសន៍ បើកការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ

ស្ពានអាកាសចោមចៅជាស្ពានអាកាសទី ៦ ក្នុងរាជធានីភ្នំពេញ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅទីនេះ ជាទីគោរពនឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចូលរួមបើកការដ្ឋានសាងសង់ស្ពានអាកាស និងស្ពានក្រោមដីនៅ​រង្វង់មូលចោមចៅ ដែលនេះជាប្រភេទស្ពានអាកាសទី ៦ ហើយដែលយើងបានកសាងនៅទីក្រុងរបស់យើង។​ ដោយឡែក កសាងដោយក្រុមហ៊ុនអាណិកជនកម្ពុជា មានចំនួន ៥ ដែលនេះជាស្ពានទី ៥។ យើងពិតជាមានការរីករាយ ចំពោះសមិទ្ធផលពីមួយថ្ងៃទៅមួយថ្ងៃបានកកើតឡើងក្នុងទីក្រុង ដែលមុននេះ យើង​ហៅថា ទីក្រុងខ្មោចនៅក្នុងសម័យសង្គ្រាម និងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ​​ក៏ប៉ុន្ដែរយៈពេល​ជិត ៤០ ក្រោយ ទីក្រុងមួយនេះមិនមែនជាទីក្រុងស្លាប់ដូចកាលពីអតីតកាលទៀតទេ តែក្លាយ​ជាទីក្រុង ពោរពេញដោយការអភិវឌ្ឍ ទាំងតាមបែបការអភិវឌ្ឍបែបបើកទូលាយ និងការអភិវឌ្ឍបែបស៊ី​ជម្រៅ​ផងដែរ។ ទីក្រុងភ្នំពេញអភិវឌ្ឍតាមបែបបើកទូលាយ និងបែបស៊ីជម្រៅ ខ្ញុំចង់និយាយការអភិវឌ្ឍបែបបើកទូលាយនៅត្រង់ថា​ ទីក្រុងភ្នំពេញពីមុននេះមានតែ ៣០០ គីឡូម៉ែត្រការ៉េ​ តែ​ប៉ុណ្ណោះ ប៉ុន្ដែឥឡូវនេះ ទីក្រុងនេះបានរីករហូតដល់ជាង ៦០០ គីឡូម៉ែត្រការ៉េ។​ បានសេចក្ដីថា​ យើងបានកាត់​ដីពីខេត្តកណ្ដាលឲ្យទីក្រុងភ្នំពេញជាបន្ដបន្ទាប់ច្រើនលើកច្រើនសារួចមកហើយ។ ឯការអភិវឌ្ឍបែបស៊ីជម្រៅ​វិញ​នោះនៅត្រង់ថា ដីកាលពីដើម មួយហិកតា…