សេចក្ដីដកស្រង់ប្រសាសន៍ បើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ ៣៨ ខ្សែនៅក្នុងក្រុង សៀមរាប

កាត់បន្ថយអ្នកចូលរួមមកនៅសល់ត្រឹម ១៥០ នាក់ ថ្ងៃនេះយើងធ្វើពិធីប្រារព្ធបើកការដ្ឋានសាងសង់ផ្លូវ ៣៨ ខ្សែ រួមនិងការកែលម្អដងស្ទឹង សៀមរាប ដែលមុននេះ យើងគ្រោង(ធ្វើ) ថ្ងៃទី១៦ ខែវិច្ឆិកា ក៏ប៉ុន្តែគាប់ជួនជាមួយ “ព្រឹត្តិការណ៍ ០៣ វិច្ឆិកា” បានកើតឡើង (យើងក៏លើកពេល)។ សម្រាប់ថ្ងៃនេះ តាមគម្រោងដើម យើងគ្រោងអញ្ជើញប្រជាពលរដ្ឋរបស់យើងប្រមាណ ១ ៥០០ នាក់ មកចូលរួម ក៏ប៉ុន្តែដោយសារស្ថានភាពបានកើតឡើង ដែលខាងក្រោមនេះ ខ្ញុំនឹងនិយាយទាក់ទង COVID-19 យើងកាត់បន្ថយអ្នកដែលចូលរួមមកនៅត្រឹមតែ ១៥០ នាក់ តែប៉ុណ្ណោះ ដើម្បីជៀសវាងការប្រមូលផ្ដុំហ្វូងមនុស្ស ដែលអាចនាំទៅដល់ការឆ្លងរីករាលដាល នៅក្នុងសហគមន៍ នៅពេលដែលយើងស្រាវជ្រាវមិនទាន់បានច្បាស់លាស់។ COVID-19 មិនអាចបញ្ឈប់ការខិតខំប្រឹងប្រែងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ កូវីដ-១៩ អាចរារាំងដំណើរការរបស់យើង ប៉ុន្តែមិនអាចបញ្ឈប់នូវកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការស្ថាបនាផ្លូវទាំងនេះនោះទេ។ ដូចដែលឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងនៅក្នុងរបាយកាណ៍អម្បាញ់មិញនេះ កាលពីថ្ងៃទី ០៤ កញ្ញា ២០២០ នៅក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ ខ្ញុំបានប្រកាសអំពីការបញ្ចុះថវិកាពីរង្វង់ ១០០ ទៅ…