សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន ០៧ (០២ នៅក្នុងខេត្តព្រៃវែង និង ០៥ កន្លែងនៅក្នុងខេត្តក្រចេះ) ជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន

ស្ពានបៃឡេនៅក្រចេះនិងព្រៃវែង ក្លាយជាស្ពានបេតុង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ឯកឧត្តម Mikami Masahiro អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា។ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ យើងពិតជាមានការរីករាយដែលបានមកចូលរួមជួបជុំគ្នា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន ០៧ កន្លែង ដែល ០២ ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្ដោយផ្លូវជាតិលេខ ១១ និង ០៥ ទៀតនៅខេត្តក្រចេះរបស់យើង តាមបណ្ដោយផ្លូវជាតិលេខ ៧៣។ កាលពីជាងមួយ​ខែមុននេះ ខ្ញុំជាមួយឯកឧត្តម Mikami Masahiro ក៏ដូចជាតំណាង JICA បានធ្វើដំណើររួមគ្នាទៅសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥ នៅទិសពាយព្យរបស់កម្ពុជា ដែលតភ្ជាប់រវាងទីរួមខេត្ត បាត់ដំបង និងទីរួមខេត្ត បន្ទាយមានជ័យ។ មួយខែក្រោយ ខ្ញុំជាមួយឯកឧត្តម មិកាមិ ក៏ដូចជាតំណាង JICA និងមិត្តភក្តិជប៉ុន បានធ្វើមកកាន់ទីនេះសាជាថ្មីម្ដងទៀត ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពាននៅទីនេះ។ បើនិយាយពីខេត្តក្រចេះ អាទិត្យមុននេះកាលពីថ្ងៃ ០៧ ខ្ញុំមកសម្ពោធផ្លូវជាតិលេខ ៧…