សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធសួនសត្វ ភ្នំពេញសាហ្វារី

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិដែលបានចូលរួមក្នុង​ឱកាស​នេះ ជាទីនឹករលឹកពីខ្ញុំ។ ថ្ងៃនេះ យើងនេះទាំងអស់គ្នាមានការរីករាយ ដែលបានចូលរួមសម្ពោធដាក់អោយប្រើប្រាស់សួន​សត្វ​ភ្នំ​ពេញសាហ្វារី ដែលវិនិយោគដោយក្រុមហ៊ុន អិល វ៉ាយ ភី (LYP) គឺ លី យ៉ុង​ផាត់ តែម្ដង​។ ពិតមែន​ហើយវិស័យឯកជនបានចូលរួមការរីកចម្រើនសម្រាប់ទាំងអស់គ្នា​។ ខ្ញុំគិតថា គប្បីខ្ញុំត្រូវពន្យល់លើបញ្ហានេះបន្ដិចមុនពេលដែលចាប់ផ្ដើមបន្ដ។ ការវិនិយោគឯកជនបាន ចូលរួមអភិវឌ្ឍប្រទេស សំណង់នានា ការវិនិយោគបានប្រព្រឹត្ដទៅដោយវិស័យឯកជន ប៉ុន្ដែពេលសម្ពោធម្ដងៗ ក៏មានការចូល​រួម​របស់​ប្រជាជន។ តើនេះវាជាការខុសឆ្គង ឬជាការត្រឹមត្រូវ? មានការឃោសនាមួយចំនួនបានលើក​ឡើង​ថា យើង​បានធ្វើត្រឹមតែបម្រើឲ្យវិស័យឯកជនតែប៉ុណ្ណោះ។ យើងគួរសាកល្បងគិតរួមគ្នាមើលថា ប្រសិន​បើគ្មានវិ​ស័យឯកជនចូលរួមអភិវឌ្ឍប្រទេសទេ សួរថាតើរដ្ឋមួយអាចដោះស្រាយបញ្ហាបានឬទេ? វាមានតែប្រទេសដែល​អនុវត្ដនូវរបបបែបផែនការជារបបសេដ្ឋកិច្ចទីផ្សារ នៅតាមបណ្ដាប្រទេសសង្គមនិយមកាលពីពេល​ពីមុនតែ​ប៉ុណ្ណោះ ​ដែល​រដ្ឋ​គ្រប់គ្រងលើអ្វីៗទាំងអស់។ ប៉ុន្ដែ ​នៅក្នុងដំណាក់កាលនៃសេដ្ឋកិច្ចទីផ្សារ ហើយ​សូម្បី​​តែ​ប្រទេសដែលមានឯកបក្ស ដែល​មាន​បក្សកុំម្មុយនីស្ដដឹកនាំ ហើយជាប្រទេសសង្គមនិយម ក៏គេប្រើប្រាស់​នូវវិស័យឯកជន ដើម្បីរួម​ចំណែក​នូវការអភិវឌ្ឍ ជាពិសេស​ក្រុមហ៊ុនរដ្ឋត្រូវបាន​កាត់បន្ថយ​ស្ទើរតែ​ទាំងស្រុង។ រដ្ឋបង្វែរប្រាក់ពន្ធបានពីការអភិវឌ្ឍនៃវិស័យឯកជន វិនិយោគលើតម្រូវការរបស់ប្រជាជន យើងពិនិត្យមើល តើទីកន្លែងមួយនេះ វាបានផលចំណេញអ្វីមកសម្រាប់រដ្ឋ ហើយតាមរយៈ​រដ្ឋ តើមាន​​ផល​ប្រយោជន៍​​អ្វីសម្រាប់ប្រជាជន? ច្បាស់ណាស់វិស័យឯកជនធ្វើការអភិវឌ្ឍទាំងអស់​ សុទ្ធតែ​បាន​​បង់​ពន្ធជូន​រដ្ឋ​។…