សុន្ទរកថា និងសង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២០ និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ឆ្នាំទី ៤

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ព្រឹទ្ធាចារ្យ វរៈសិល្បករ សិល្បករ លោក លោកស្រីសាស្ត្រាចារ្យ អ្នកគ្រូ លោកគ្រូ និង ក្មួយៗសិស្សានុសិស្សនិស្សិតទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២០ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និង ពិធីបិទ មហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី ៤  ដែលបានប្រារព្ធយ៉ាងអធិកអធមនាឱកាសនេះ។ ទិវាវប្បធម៌ជាតិ ៣ មីនា គឺជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំ និងជាទិវាដ៏មានសារៈសំខាន់របស់ជាតិ ដែលត្រូវបានប្រារព្ធឡើងក្នុងបុព្វហេតុបន្តការអភិរក្ស និងអភិវឌ្ឍព្រមទាំងលើកតម្កើងវប្បធម៌ជាតិ ឱ្យកាន់តែខ្ពស់ត្រដែត និងចម្រើនរុងរឿងជានិច្ចនិរន្តរ៍តទៅ ។ ដោយឡែកឆ្នាំនេះ យើងប្រារព្ធ ទិវាវប្បធម៌ជាតិ ៣ មីនា នៅថ្ងៃទី ៦ ខែ មីនា ដោយសារថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៨ ត្រូវចំថ្ងៃសៅរ៍ ដែលជា ថ្ងៃមាស សម្រាប់សិល្បករត្រូវជាប់រវល់ក្នុងឤជីពចិញ្ចឹមជីវិត។ ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំនេះត្រូវបានចាត់ទុកជាទិវា នៃការជួបជុំសិល្បករដ៏ច្រើនកុះករលើកដំបូងមកពីគ្រប់មជ្ឈដ្ឋាន, គ្រប់វ័យ បានមកសំណេះសំណាលគ្នា និងដឹងសុខទុក្ខពីគ្នាទៅវិញទៅមក។ ក្នុងន័យនេះ…