សេចក្តីដកស្រង់ប្រសាសន៍ អបអរសាទរកីឡាការិនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូមើត ជ័យលាភីមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ីទី ១៨ នៅហ្សាកាតា-ប៉ាឡាំបាំង

បានសន្យាមុនចេញទៅប្រកួត “ជួបគ្នាលុះត្រាមានមេដាយមាសមួយ” ថ្ងៃនេះ យើងជួបជុំគ្នានៅទីនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវីរកីឡាការនី កញ្ញា ចាន់ ចេសា ដែលជាជ័យលាភីមេដាយមាសពីកីឡាអាស៊ី។ សូមងើបឈរឡើង។ ក៏សូមស្វាគមន៍ ចំពោះលោកវីរកីឡាករ សាលី អ៊ូមើត ដែលបានមេដាយមាស និងមេដាយសំរឹទ្ធិពីកីឡាអាស៊ី។ សូមអញ្ជើញឡើងមកខាងមុខ ដើម្បីអោយគេឃើញបន្តិច។ កាលពី ១៨ ថ្ងៃមុន យើងបានជួបជុំគ្នានៅទីនេះ ក្នុងពេលដែលខ្ញុំជូនដំណើរកីឡាករ/ការនី គ្រូបង្វឹក ក៏ដូចជាថ្នាក់ដឹកនាំ ដើម្បីទៅ​ចូលរួមការប្រកួតកីឡាអាស៊ីនៅប្រទេសឥណ្ឌូនេស៊ី។ ១៨ ថ្ងៃក្រោយ យើងក៏ជួបជុំគ្នានៅទីនេះម្ដងទៀត។ ដូច​ដែលខ្ញុំបានបញ្ជាក់កាលពីក្មួយៗចេញដំណើរថា យើងនឹងជួបគ្នាលុះត្រាតែមានមេដាយមាសមកជាមួយ។ ត្រូវរង់ចាំរហូតដល់ ៦៤ ឆ្នាំ ទើបទទួលបានមេដាយ ៤ លើកនេះ ក្មួយៗពិតជាធ្វើអោយប្រទេសជាតិរបស់យើងមិនខកបំណងនោះទេ។ យើងអង្គុយរង់ចាំបែបនេះអស់រយៈពេល ៦៤ ឆ្នាំ រួចមកហើយ។ មុននេះ ៦០ ឆ្នាំ យើងរង់ចាំនូវមេដាយមាសទី ១ ដែលនាំមកដោយវីរកីឡាការនី​ ស៊ន សៀវម៉ី កាលពីឆ្នាំ ២០១៤។…