សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចែកសញ្ញាបត្រ សម្រាប់ជ័យលាភី នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ចំនួន ១ ៣៥៦ នាក់។ សប្ដាហ៍នេះ គឺជាលើកទី ២។ លើកទី ១ កាលពីថ្ងៃ ច័ន្ទ សម្រាប់សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ហើយលើកទី ២ គឺសម្រាប់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ព្រឹកនេះ។ ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់ ចំពោះរបាយការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ទាក់ទិនជាមួយនឹងវឌ្ឍនភាពរបស់សាកលវិទ្យាល័យ ក៏ដូចជា ការខិតខំសិក្សារបស់និស្សិតរបស់យើង។ សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ក៏ដូចជា សាស្ត្រាចារ្យ ដែលបានខិតខំបង្ហាត់បង្រៀន ចំពោះនិស្សិតរបស់យើង​ ដែលបានសិក្សារយៈពេលកន្លងទៅ ហើយទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏ដូចជា និស្សិតដែលកំពុងបន្តការសិក្សាបន្តទៅមុខទៀត។ ជាមួយគ្នានេះដែរ ខ្ញុំសូមយក​ឱកាសនេះ ដើម្បីសម្ដែងនូវការអបអរ ចំពោះនិស្សិតជ័យលាភីទាំងអស់នៅគ្រប់កម្រិត ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ឆ្លងតាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ ក្នុងរយៈពេលកន្លងទៅ ដែលមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់។ (១) មិនត្រូវមានពេទ្យនៅក្រៅបញ្ជីក្របខណ្ឌ ដែលច្បាប់ទទួលស្គាល់ទេ…