សេចក្តីដកស្រង់ប្រសាសន៍ ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់និស្សិត និងសិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ! ពិតជាមានការរីករាយដោយឃើញវឌ្ឍនភាពនៃបណ្ឌិត្យសភានគរបាល ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានវិលត្រឡប់មកទីនេះសាជាថ្មីម្តងទៀត បន្ទាប់ពីលើកទីមួយ មកចែកជូនសញ្ញាបត្រនៅឆ្នាំ ២០១២ លើកទីពីរ មកធ្វើបឋកថានៅឆ្នាំ ២០១៦ ហើយលើកទីបី មកចូលរួមចែកសញ្ញាបត្រនៅថ្ងៃនេះ។ ខ្ញុំពិតជាមានការរីករាយដោយឃើញវឌ្ឍនភាពនៃបណ្ឌិត្យសភានគរបាលរបស់យើង ដែលបានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ តើសម្លេងខ្ញុំស្អកខ្លាំងទេ? (…) ចឹងបានពួក​អាចង្រៃអស់ហ្នឹងវាចេះតែថាខ្ញុំឈឺ។ ឥឡូវ មិនបាច់ចាំស្អីទេ គ្រាន់តែដេក (ដេកឱ្យច្រើនចុះគីឡូ) យប់មិញ​ចុះ ១ គីឡូ ប្រៀបធៀបនឹងបាយល្ងាចហើយនឹងព្រលឹមឡើង … ឱ្យតែដេកលក់ឱ្យស្រួល ប៉ុន្តែវាទៅជាស្អកកឯណេះទៅវិញ មិនដឹងថាម៉េច? ប៉ុន្តែអត់អីទេ បន្តិចទៀតរត់ហើយ។ អម្បាញ់មិញ ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ចំពោះរបាយការណ៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាល អំពីវឌ្ឍភាពនៃការបណ្តុះបណ្តាលរបស់យើងនៅទីនេះ។ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី នៃបណ្ឌិត្យសភានគរបាលរបស់យើង ដែលបានខិតខំធ្វើឱ្យមានវឌ្ឍនភាព នៃកិច្ចការទាំងនេះ។ ខ្ញុំសូមកោតសរសើរចំពោះសម្តេច ក្រឡាហោម ស ខេង ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ…