សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ និងសមិទ្ធផលនៃការស្តារកែលម្អដងស្ទឹងសៀមរាប

កូវីដ-១៩ អាចរំខាន ប៉ុន្តែមិនអាចបញ្ឈប់សកម្មភាពការអភិវឌ្ឍរបស់កម្ពុជាឡើយ សម្ដេចក្រឡាហោម សម្ដេចពិជ័យសេនា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ មន្រ្តីរាជការ ដែលបានអញ្ជើញចូលរួមនៅទីនេះ ក៏ដូចជា ធ្វើគារវកិច្ចចំពោះបងប្អូនជនរួមជាតិ ដែលបាននិងកំពុងមើល​ការផ្សាយបន្តផ្ទាល់ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ ថ្ងៃនេះ យើងមានការរីករាយ​ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែនៅទីក្រុងសៀមរាប។​ ខ្ញុំនៅចាំបានថា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ២០២០ នៅទីនេះ ពេលនោះ យើងបានបើកការ​ដ្ឋានសាងសង់ផ្លូវទាំង ៣៨ ខ្សែនេះ ជាមួយនឹងការខិតខំដើម្បីប្រយុទ្ធជាមួយនឹងការផ្ទុះឡើងនូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា(ឆ្លងកូវីដ-១៩ ក្នុងសហគមន៍) ដែលជាព្រឹត្តិការណ៍ទី ២ បន្ទាប់ពីព្រឹត្តិការណ៍ ២៣ វិច្ឆិកា … ក្នុងហ្នឹងក៏កើតឡើងក្នុងខេត្តសៀមរាប។ កូវីដ-១៩ អាចរារាំងនិងអាចរំខានយើង ក៏ប៉ុន្តែកូវីដ-១៩ មិនអាចបញ្ឈប់សកម្មភាពរបស់យើងទៅលើការសាងសង់នូវអ្វីដែលជាគោលដៅ ដែលយើងបានដាក់ចេញនោះទេ។ ដូចដែលសម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើរបាយការណ៍អម្បាញ់មិញ​ ទាក់ទិននឹងដំណើរការសាងសង់នៅទីនេះ។ ខ្ញុំពិតជាមានមោទនភាពចំពោះការខិតខំទាំងអស់របស់គណៈកម្មការអន្តរក្រសួង ដែលមានសម្ដេចពិជ័យសេនា​…