ដកស្រង់ប្រសាសន៍ ពិធីអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី បាទី និងជួបសំណេះសំណាលជាមួយនឹងកសិករនៅខេត្តព្រៃវែង

អរគុណឯកឧត្ដម វ៉េង សាខុន ដែលបានធ្វើរបាយការណ៍។ មុននឹងខ្ញុំនិយាយ គឺខ្ញុំចង់អញ្ជើញអ្នកដែលចិញ្ចឹមត្រីមួយរូប និងអ្នកដែលចិញ្ចឹមកង្កែបមួយរូប។ ឱ្យមកខាងលើបន្តិច តើមានទេ? ឥឡូវ សុំថា អ្នកណាដែលបានវោហាបន្តិច។ មិនវោហា​ក៏បានដែរ ឱ្យតែបានមកឆ្លងឆ្លើយគ្នា … សំណួររបស់ខ្ញុំគឺចាប់ផ្ដើមពីថា តើអី្វទៅជាចំណុចងាយស្រួល អ្វីទៅជាចំណុចលំបាក ហើយតើមានសំណូមពរអ្វី? ឥឡូវសូមឱ្យអ្នកចិញ្ចឹមត្រីនិយាយមុន​។ អ្នកចិញ្ចឹមត្រី៖ ចំណុចងាយស្រួល នៃការចិញ្ចឹមត្រី គឺទីមួយ មានជំនាញបច្ចេកទេស ជួយដល់កសិករ ដែលកាលពីមុនធ្លាប់តែចិញ្ចឹមតាមរបៀបធម្មជាតិ។ ឥឡូវនេះ មានខាងមន្រ្តីរបស់មន្ទីរកសិកម្ម ក៏ដូចជាខាងរដ្ឋបាលព្រៃវែងហ្នឹងចុះមកជួយដល់កសិករ។ ឥឡូវ ចិញ្ចឹមតាមបែបពាណិជ្ជកម្មវិញ គឺថាមានការប្រើប្រាស់ថ្នាំ មានការឱ្យចំណីតាមលក្ខណៈបច្ចេកទេស ធ្វើឱ្យមានការរីកចម្រើន។ ចង់និយាយថា កាលពីមុនចិញ្ចឹមបែបលក្ខណៈគ្រួសារ តែឥឡូវជាលក្ខណៈពាណិជ្ជកម្មវិញ។ ចុះចំណុចលំបាកនោះវាស្អី? អ្នកចិញ្ចឹមត្រី៖ ចំណុចដែលលំបាកនោះ ត្រង់ថា ទីមួយទីផ្សាររាងចង្អៀតបន្តិច។ បានហើយ តែលំបាកលក់​។ ដូចថាដល់ថ្ងៃលក់ហើយ​ ត្រូវរង់ចាំ ២ ទៅ ៣ ខែ ទើបឈ្មួញមកចាប់ ហើយតម្លៃក៏រាងធ្លាក់ចុះបន្តិច​។ អញ្ចឹងធ្វើឱ្យលំបាកនៃការចំណេញ។ យើងយកទៅលក់ៗនៅឯណា?…