សេចក្តីដកស្រង់ប្រសាសន៍ ដំណើរពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានមរតកតេជោ

ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ បងប្អូនកម្មករ ទាំងកម្ពុជា និងចិន! ពហុកីឡដ្ឋានមរតកតេជោ ផ្នែកមួយនៃគម្រោងខ្សែក្រវាត់ និងផ្លូវ ថ្ងៃនេះ យើងពិតជាមានការរីករាយ ដែលបានមកតភ្ជាប់នូវកៅអីចុងក្រោយ ដែលវានឹងក្លាយទៅសំណង់អគារ នៃស្តាតដ៏ធំរបស់យើង។ នៅចំពោះមុខយើងនេះ វាគឺជាសមិទ្ធផលផ្លែផ្កា នៃសហប្រតិបត្តិការ រវាងកម្ពុជា-ចិន ដែលជាផ្នែកមួយ នៃគម្រោងខ្សែក្រវាត់ និងផ្លូវ ដែលបានចេញជារូបរាងនៅថ្ងៃនេះជាងពាក់កណ្តាលរួចទៅហើយ។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះក្រុមសាងសង់ទាំងអស់ ទាំងអ្នកដឹកនាំ ក៏ដូចជា ចំពោះកម្មករ/ការិនីទាំងកម្ពុជា និងចិន ដែលបានខិតខំធ្វើការដោយផ្ទាល់នូវការដ្ឋាននេះ។​ អរគុណ និងកោតសរសើរ ចំពោះឯកឧត្តម ថោង ខុន ដែលបានមើលការខុសត្រូវ រួមសហការជាមួយភាគីចិន​ទៅលើការកសាងនេះ។ អរគុណ និងកោតសរសើរ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យនូវគម្រោងនេះ និងដាក់ចេញនូវផែនការសកម្មភាពសម្រាប់ពេលខាងមុខ។…