សេចក្តីដកស្រង់ប្រសាសន៍ ខួបលើកទី ១៥៦ នៃទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

“ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” មានអត្ថន័យស្របនឹងសកម្មភាព សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ជាថ្មីម្តងទៀត ថ្ងៃនេះយើងជួបជុំគ្នាតាមការកំណត់សម្រាប់ថ្ងៃ ៨ ខែឧសភា ជារៀងរាល់ឆ្នាំ។ ឆ្នាំទៅនៅទីនេះ យើងក៏បានជួបជុំគ្នា ដើម្បីប្រារព្ធពិធីអបអរសាទរខួបលើកទី ១៥៥។ ថ្ងៃនេះគឺខួបលើកទី ១៥៦ នៃទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ឆ្នាំនេះប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា”។ ខ្ញុំចាត់ទុកថា ប្រធានបទមួយនេះជាប្រធានបទអចិន្ត្រៃយ៍ សម្រាប់កាកបាទក្រហមកម្ពុជារបស់យើង ព្រោះថាប្រសិនបើគ្មានការស្រឡាញ់នោះទេ ប្រហែលជាយើងមិនមានឱកាសជួបជុំគ្នាប្រចាំឆ្នាំ និងប្រជាពលរដ្ឋរបស់យើង ក៏មិនបានទទួលនូវផលប្រយោជន៍ណាមួយដែរ។ ដូច្នេះជារៀងរាល់ឆ្នាំ តែងតែច្បាមយកនូវប្រធានបទខុសៗគ្នា ក៏ប៉ុន្តែប្រធានបទទាក់ទងទៅនឹងពាក្យថា “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” គឺពិតជាមានអត្ថន័យស្របជាមួយសកម្មភាព ដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ។ ខ្ញុំសុំយកឱកាសនេះ ស្វាគមន៍ចំពោះការចូលរួមរបស់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកស្រី អស់លោក ទាំងក្នុងក្របខណ្ឌជាតិ ក៏ដូចមិត្តភក្តិដែលមកពីបរទេស រួមទាំងអគ្គរាជទូត អគ្គរដ្ឋទូត និងប្រិយមិត្តបរទេសនៅក្នុងឱកាសនេះ។ កាកបាទក្រហមកម្ពុជាមានគោលដៅផ្សេងៗតាមស្ថានភាព វាពិតជាភ័ព្វសំណាងមួយរបស់កម្ពុជាដែលព្រះករុណាព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តមសីហនុ ព្រះអង្គបានបង្កើតឡើងនូវចលនាមួយដ៏ធំនេះ ហើយដែលបានឆ្លងកាត់ដំណាក់កាលមួយ​ៗខុសៗគ្នា…