សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ពិធីចែកសញ្ញាបត្រជូននិស្សិត/គរុនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្ដាលបច្ចេកទេស

ចាប់ពីនេះទៅ សម្រាប់ស៊ីហ្គេម ២០២៣ យើងនៅសល់ ៦៧ ថ្ងៃទៀត គឺ(ដល់)ថ្ងៃដែលយើងទន្ទឹងរង់ចាំ បន្ទាប់ពីការ​ទន្ទឹងរង់ចាំអស់រយៈពេល ៦៤ ឆ្នាំរួចមកហើយ។ ប៉ុន្ដែ ពេលនេះ យើងសល់តែ ៦៧ ថ្ងៃ តែប៉ុណ្ណោះ។ សូមទាំងអស់គ្នាអបអរសាទរ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី (ក៏ដូចជា) ជ័យលាភី ដែលទទួលវិញ្ញាបនបត្រ/សញ្ញាបត្រនៅថ្ងៃ​នេះ ជាទីស្រឡាញ់! ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានត្រឡប់មក(សាជាថ្មីម្ដងទៀត) ដើម្បីជួបជុំជាមួយនឹងនិស្សិតជ័យលាភីរបស់យើងនៅថ្ងៃនេះ ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់ម្គាល់ ដូចដែល ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍​អំបាញ់​មិញ ​ទាក់ទងនឹងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ឯកឧត្តម អ៊ិត សំហេង បានរំលឹកទៅដល់ឆ្នាំ ១៩៩៦ ពេលដែលខ្ញុំទៅចែកជូនសញ្ញាបត្រនៅពេលនោះគឺសិស្សមានត្រឹម​តែជាង ២០០ នាក់ តែប៉ុណ្ណោះ ហើយពិបាកនឹង(រក)ការងារធ្វើទៀតផង ហេតុអីបានជាដំណាក់កាលនោះវាស្ថិតក្នុង(ស្ថានភាព)បែបនេះ? សង្គ្រាមមិនទាន់បានបញ្ចប់ទេ ជាមួយនឹងការវិនិយោគនៅតិចតួចណាស់ ដូច្នេះ ការ​បណ្ដុះបណ្ដាលនៅទីនោះស្ទើរតែគ្មានសិស្សតែម្ដង ដោយសារតែការដោះស្រាយការងារធ្វើ គឺជួបការលំបាក​ ដោយ​យើងមិនមានមូលដ្ឋានគ្រប់គ្រាន់…