សេចក្តីដកស្រង់សង្កថា សម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានិងប្រគល់សញ្ញាបត្រដល់សិស្សវិជ្ជាជីវៈតុលា

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី‌‌!ឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូតប្រិយមិត្តបរទេសទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ​!សូមគោរពមន្ត្រីយុត្តិធម៌ ក៏ដូចជានិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ធ្វើពិធី២ រួមគ្នាតែមួយ ថ្ងៃនេះយើងធ្វើពិធី២រួមគ្នា។ ទី១ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ ទី២ ការប្រគល់សញ្ញាបត្រជូនសិស្សចៅក្រម ដែលខ្ញុំសុំហៅថាសិស្សខាងផ្នែកយុត្តិធម៌តែម្ដង កុំឱ្យវាពិបាករៀបរាប់ក្រែងវាមិនអស់។ សូមបញ្ជាក់ផងដែរថា ហេតុអីបាននិស្សិតនៅសាលាដទៃទៀតទទួលសញ្ញាបត្រនៅក្នុងកន្លែងល្អៗ ប៉ុន្តែដល់មន្ត្រីយុត្តិធម៌នៅកន្លែងកណ្ដាលវាល? បញ្ហាវាមិនមែនអ្វីក្រៅពីការសម្ពោធអគារនេះឡើយ។ បើសិនជាបំបែកកម្មវិធីជា២ គឺខាតពេល។ បើអញ្ចឹងស្រុះស្រួលគ្នាថាយើងសម្ពោធអគារនេះផង យើងចែកសញ្ញាបត្រផង។ ដូច្នេះហើយកុំគិតថា ជំនាន់នេះពេលដែលទទួលសញ្ញាបត្រ អោយទទួលនៅកណ្ដាលវាល។ មិនមែនអញ្ចឹងទេ។ យើងចង់ទៅរកទីកន្លែងណាដែលមានម៉ាស៊ីនត្រជាក់ ក៏យើងធ្វើទៅបានដែរ ក៏ប៉ុន្តែយើងមានការចាំបាច់សម្ពោធអគារសម្រាប់ការបណ្ដុះបណ្ដាលមន្ត្រីយុត្តិធម៌នៅទីនេះ។ (១) យុវជននិងស្ថាប័ននានា កាប់ព្រៃកុំអោយខ្មែរក្រហមជ្រៀតបាញ់ផ្លោងចូលក្រុងភ្នំពេញ ខ្ញុំមានការរីករាយដែលបានចូលរួមចំណែកតាំងពីដើមរហូតមកដល់ពេលនេះ។ កន្លែងនេះជាកន្លែងដែលខ្ញុំធ្លាប់មកស៊ីឪឡឹកនៅឆ្នាំ១៩៨៨។ ពេលនោះ ក្រុមអ្នកដាំឪឡឹកត្រូវបានឯកឧត្តម ថោង ខុន បញ្ជូនមក។ កន្លែងនេះគឺជាកន្លែងដែលខ្មែរក្រហមចូលមក(លាក់ខ្លួន)។ យើងបានបញ្ជូនយុវជនពីទីក្រុងភ្នំពេញមកកាប់(ព្រៃ)។ ស្ថាប័ននានាសុទ្ធតែមាន(ការបែងចែក)កន្លែងកាប់ព្រៃដើម្បីកុំឱ្យខ្មែរក្រហមជ្រៀតចូលនិងបាញ់ចូលទីក្រុងភ្នំពេញ។ នេះជាសង្កាត់ព្រែកតាសេក។ បើទៅជាប់នឹងមាត់(ព្រែកឬទន្លេ?) នេះខាងមុខកំពូល ម្ខាងពញាឮ។ ត្រង់ហ្នឹងមានម៉ារីនមួយ(គ្រឿង)លិច។ ខ្ញុំនៅចាំច្បាស់កន្លែងដែលមកស៊ីឪឡឹក។ ពីដើមកន្លែងហ្នឹងមិនមែនជាកន្លែងដែលមានអគារអញ្ចឹងទេ។ វាខុសអំពីស្ថានភាពនេះ។ ឥឡូវ…