សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រខេត្តព្រះសីហនុ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន

ឯកឧត្តម Ueno Atsushi អគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កម្មករ កម្មការិនី ដែលបានចូលរួមនៅក្នុងឱកាសនេះ​! ប្រារព្ធពិធី ៣ រួមគ្នា ថ្ងៃនេះ យើងប្រារព្ធនូវពិធី ៣ រួមគ្នា។ ទី១ គឺការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកម្មអន្តរជាតិ ទី២ ពិធីបើកការដ្ឋានសាងសង់ចំណតកំពង់ផែកុងតៃន័រ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងទី៣ គឺខួបអនុស្សាវរីយ៍លើកទី ៧០​ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ (១) នាវា Westerdam ត្រឡប់ចូលមកកម្ពុជាធ្វើស្លាកប្រវត្តិសាស្ត្រអំពីកាយវិការមនុស្សធម៌របស់កម្ពុជា អនុញ្ញាតឱ្យខ្ញុំបានរំលឹកបន្ដិចថា កាលពីជាង ៣ ឆ្នាំមុន អ្នកទាំងអស់គ្នានៅទីនេះ ពិតជាបានដឹងហើយថា កំ​ពង់ផែក្រុងព្រះសីហនុរបស់យើងបានធ្វើកិច្ចការដ៏សំខាន់មួយ គឺការសង្រ្គោះនាវា Westerdam ដែលមានមនុស្សរាប់ពាន់នាក់ ឱ្យពួកគេមានសុវត្ថិភាព​បានវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន។ នេះជាកាយវិការមនុស្សធម៌មួយរបស់កម្ពុជា។ ខ្ញុំបានឮថា នៅខែធ្នូឆ្នាំនេះ នាវា Westerdam នឹងវិលត្រឡប់មកកាន់កម្ពុជា ជាមួយនឹងការគ្រោងទុករបស់កំពង់ផែ ដើម្បីនឹងធ្វើផ្លាកសញ្ញាមួយជាប្រវត្តិសាស្រ្ត បង្ហាញអំពីការយកចិត្តទុកដាក់របស់កម្ពុជាទៅលើសិទ្ធិរស់រានមានជីវិតរបស់មនុស្សលោក មិនមែនគ្រាន់តែសម្រាប់ប្រជាជនកម្ពុជានោះទេ។ ខ្ញុំអរគុណចំពោះការខិតខំរបស់កម្មករកម្មការិនី…