សុន្ទរកថានិងប្រសាសន៍អធិប្បាយ សម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាយុត្តិធម៌

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួមក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលាយុត្តិធម្ម” ដែលជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ និង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ  ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង ដែលជាការរួមចំណែក ក្នុងការធានារក្សាសន្តិសុខ   សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា ដែលសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានរហូតមកទល់ពេលនេះ។ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ១៩៨០ ដោយក្រឹត្យរបស់ក្រុមប្រឹក្សារដ្ឋ។ នៅសម័យនោះ កម្ពុជាបានបង្កើតឱ្យមាន  “តុលាការប្រជាជនបដិវត្តខេត្ត-ក្រុង” ដែលមានតែមួយថ្នាក់ប៉ុណ្ណោះ។ នៅឆ្នាំ ១៩៨២ តុលាការនេះ ត្រូវបានប្តូរឈ្មោះទៅជា “តុលាការប្រជាជនខេត្ត-ក្រុង និង អយ្យការអមតុលាការប្រជាជនខេត្ត-ក្រុង”។ នៅឆ្នាំ ១៩៨៥ “តុលាការប្រជាជនកំពូល” និង “មហាអយ្យការអមតុលាការប្រជាជនកំពូល” ត្រូវបានបង្កើតឡើង ដោយក្រឹត្យឆ្នាំ ១៩៨៥។…

សុន្ទរកថា និងសេចក្តីអធិប្បាយ បើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី ១២ “តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់”

ឯកឧត្តម លោកជំទាវ អគ្គព្រះរាជឤជ្ញា អគ្គរដ្ឋអាជ្ញា នៃបណ្តាប្រទេសសមាគមឤស៊ាន និងសាធារណៈរដ្ឋប្រជាមានិតចិន! ឯកឧត្តម លោកជំទាវ លោក/ស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួម ក្នុងពិធីបើកសន្និសីទអគ្គព្រះរាជឤជ្ញាឤស៊ាន-ចិនលើកទី ១២ ក្រោមប្រធានបទ “តួនាទីព្រះរាជឤជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់” ដែលប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អគ្គព្រះរាជឤជ្ញា អគ្គរដ្ឋអាជ្ញា នៃបណ្តាប្រទេសសមាគមឤស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលកំពុងមានវត្តមាននៅលើទឹកដីខេត្តសៀមរាប ដែលជារាជធានីអច្ឆរិយៈ នៃឤណាចក្រខ្មែរនាសម័យអង្គរ។ ថ្ងៃនេះ កម្ពុជាពិតជាមានកិត្តិយស ដែលបានធ្វើជាម្ចាសផ្ទះរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះ ស្របពេលដែលបណ្តាប្រទេសសមាជិកឤស៊ាន ក៏ដូចជា ប្រទេសនៅក្នុងតំបន់ កំពុងរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយគ្រោះថ្នាក់ ហើយកំពុងរីករាលដាលនៅក្នុងតំបន់របស់យើង។ ជាការពិត ភាពជឿនលឿន នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យទំនើបនេះ បានធ្វើឱ្យចរន្តសេដ្ឋកិច្ចពិភពលោកមានការវិវត្តយ៉ាងលឿន។ ទន្ទឹមនេះ ការរីកចម្រើនទីផ្សារការងារក្នុងពិភពលោក ក៏ដូចជា នៅក្នុងបណ្តាប្រទេសឤស៊ាន បានជំរុញឱ្យប្រទេសសមាជិកឤស៊ាន និងប្រទេសក្នុងតំបន់ទទួលបាននូវកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម…