សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍អធិប្បាយ ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើក ទី ៥ ឆ្នាំ ២០១៧ និងពិធីប្រគល់ជ័យលាភីរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី ២ អមជាមួយ ជ័យលាភីបដិសណ្ឋារកិច្ចល្អ សេវាសាធារណៈ របស់ក្រុង-ខណ្ឌ បេក្ខភាពក្នុងចលនាប្រឡងប្រណាំង ទីក្រុងស្អាត និងច្រកទ្វារអន្តរជាតិ លើកទី ១

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធី អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៥ ឆ្នាំ ២០១៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ » និងពិធី​ប្រគល់​ជ័យលាភីរង្វាន់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍លើកទី ២ អមជាមួយនឹងជ័យលាភីបដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង/ខណ្ឌ បេក្ខភាពក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត និងច្រកទ្វារអន្តរជាតិលើក ទី ១ ដែលបានប្រារព្ធឡើងនាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះស្នាដៃ និងលទ្ធផលការងារដែលក្រសួង​ទេស​ចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានខិតខំប្រឹងប្រែងបង្កើតឡើងដោយជោគជ័យក្នុង​រយៈ​ពេលកន្លងមក។ ទន្ទឹមនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បូកស​រុបលទ្ធផលនៃការវាយតម្លៃ «ជ័យ​លាភីបដិសណ្ឋារ​កិច្ចល្អ សេវាសាធារណៈក្រុង-ខណ្ឌ បេក្ខភាព និងច្រកទ្វារអន្តរជាតិ» លើកទី ១ និងជ័យ​លា​ភីរង្វាន់ពិសេស «រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» លើកទី ២ ដែល​បានរាយ​ការណ៍នាពេលមុននេះ ដោយឯកឧត្ត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ជាការពិត សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ល្អបរិបូរណ៍ពេលបច្ចុប្បន្ននេះ គឺជា​គ្រឹះ​យ៉ាងរឹងមាំគាំទ្រដល់ការអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យ ហើយផ្តល់នូវកាលានុវត្តភាព​យ៉ាងធំធេង​ដល់ការកសាងអនាគតកម្ពុជា ប្រកបដោយភាពរុងរឿង និងជវភាព។ តាមរយៈនេះ…