សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៥

ថ្ងៃនេះយើងជួបជុំគ្នា នៅក្នុងបរិយាកាសមួយពោរពេញទៅដោយភាពសុខដុមរមនា បន្ទាប់ពីបានអាក់ខានកាលពីរយៈ​ពេលកូវីដ-១៩ ញាំញី ធ្វើអោយយើងមិនអាចធ្វើ(ការជួបជុំបាន)នៅក្នុងឆ្នាំ ២០២១និង២០២២។ ការធ្វើជួបគ្នាលើកនេះទៀតសោត ក៏គាប់ជួននឹងក្រោយចូលឆ្នាំសកល ដែលឆ្លងពីឆ្នាំ ២០២២ មកឆ្នាំ ២០២៣ ដែលខ្ញុំសូមយកឱកាសនេះជូនពរចំពោះសម្ដេចឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ សូមប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងជួបប្រទះតែនឹងពុទ្ធពរនិងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ (១) ជំនួបរវាងនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាននិងអ្នកផ្តល់ព័ត៌មាន ជំនួបថ្ងៃនេះ វាមិនមែនគ្រាន់តែជាជំនួបជាមួយអ្នកសារព័ត៌មានប្រមាណជាង ៥ ពាន់នាក់នោះទេ ក៏ប៉ុន្តែក៏មានអ្នកដែលត្រូវផ្ដល់ព័ត៌មាន ដែលក្នុងនោះមានអ្នកនាំពាក្យនៃបណ្ដាស្ថាប័នរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំនៃស្ថាប័នដែលមានការពាក់ព័ន្ធ ក៏បានអញ្ជើញមកទីនេះ។ ដូច្នេះ វាមិនគ្រាន់តែជាជំនួបរវាងនាយករដ្ឋមន្ត្រីជាមួយនឹងអ្នកសារព័ត៌មានប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាជំនួបរវាងអ្នកសារព័ត៌មាននិងជាអ្នកផ្តល់ព័ត៌មានផងដែរ។ ខ្ញុំគិតថា បើ​ទោះបី(មាន)ការវិវដ្ដនៅពេលក្រោយយ៉ាងណាក៏ដោយ វេទិកាបែបនេះគួរតែត្រូវរក្សាទុកដោយអ្នកជំនាន់បន្តវេននៅពេលណាមួយនោះ ព្រោះវាជាផលប្រយោជន៍សម្រាប់ទាំងអស់គ្នា ដើម្បីកសាងប្រទេសជាតិរបស់យើង អោយរីកចម្រើនទៅមុខ។ (២) អ្នកសារព័ត៌មានជាមន្ត្រីជួរមុខក្នុងការទទួលវ៉ាក់សាំង ខ្ញុំសូមអរគុណចំពោះការធ្វើរបាយការណ៍របស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ​រដ្ឋមន្ត្រីក្រសួងព័ត៌មានអម្បាញ់មិញនេះ អំពីវឌ្ឍនភាពទាំងឡាយដែលបានកើតក្នុងរយៈពេលកន្លងទៅ។…

សុន្ទរកថាពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី ១៦ ស្តីពី «ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយផ្តោតលើទីផ្សារកំពុងអភិវឌ្ឍ»

ឯកឧត្តមលោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ អង្គសន្និសីទទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើក សន្និសីទកំពូលសារព័ត៌មានឤស៊ីលើកទី  ១៦ ស្តីពី «ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ ដោយផ្តោតលើទីផ្សារកំពុងអភិវឌ្ឍ» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិក (AIBD) នាឱកាសនេះ ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស្ថាប័នជាតិ មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍនិងបងប្អូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងគណៈប្រតិភូទាំងអស់ដែលកំពុងមានវត្តមាននៅលើទឹកដីអង្គរ ខេត្តសៀមរាប ដែលជាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីរបស់កម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរចំពោះ វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិក ដែលបានខិតខំជំរុញការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឤស៊ី ឱ្យដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន និងលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានសក្តានុពល ព្រមទាំងជំរុញការអភិវឌ្ឍទីផ្សារប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល ឆ្លើយតបទៅនឹងការប្រកួតប្រជែងទីផ្សារលើវិស័យសារព័ត៌មាន រវាងសារព័ត៌មានប្រពៃណី ជាមួយសារព័ត៌មានឌីជីថល ក៏ដូចជាការប្រកួតប្រជែង ជាមួយបណ្តាញទំនាក់ទំនងសង្គម ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ ខ្ញុំក៏សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រី គ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិកដើម្បីរៀបចំសន្និសីទដ៏មានសារសំខាន់នេះ។ ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី ! កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទកំពូលសារព័ត៌មានលើកទី ១៦ ដើម្បីផ្លាស់ប្តូរ មតិស្តីពីវិទ្យាសាស្ត្រ និងការវិវត្តបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន ព្រមទាំងចក្ខុវិស័យរយៈពេលវែងទៅអនាគត ដើម្បីប្រែក្លាយបច្ចេកវិទ្យាឌីជីថល ភ្ជាប់ជាមួយ បដិវត្តឧស្សាហកម្មទី ៤ ក្នុងគោលដៅជំរុញការធ្វើ ឌីជីថលភាវូបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយទៅក្នុងទីផ្សារឱ្យកាន់តែមានសក្តានុពលថែមទៀត និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីការវិវត្តបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន ដែលកំពុងគំរាម និងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបុគ្គល និងសន្តិសុខក្នុងតំបន់ ក៏ដូចជានៅលើសកលលោកទាំងមូល។ ទន្ទឹមនេះ ចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើប បានប្រែក្លាយ ឌីជីថល ឆ្ពោះទៅកាន់ បដិវដ្តឧស្សាហកម្មទី ៤ ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាព និងអត្ថប្រយោជន៍ ដូចខាងក្រោម៖…