សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធស្ពានកោះកំពង់ត្រុំ/កោះប៉ែន

កម្ពុជាមានសមត្ថភាពនឹងធ្វើស្ពានដោយខ្លួនឯង ឆ្លងកាត់ទន្លេទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ​ លោកតា លោកអ៊ុំ មាមីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុង​ឱកាសនេះ ជាទីគោរព នឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ចូលរួមជាមួយឯកឧត្តម លោកជំទាវ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវស្ពានឆ្លងកាត់ដៃទន្លេរបស់យើង ដែលខ្ញុំព្រះករុណាខ្ញុំ ប្រសិទ្ធនាមថា “ស្ពានកោះប៉ែន” ដែលតភ្ជាប់ម្ខាងរវាងភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម និងម្ខាងទៀតនៅស្រុកសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នេះជាសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផលទាំងឡាយដែលយើងបានរួមគ្នាកសាងឡើង ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ខ្ញុំព្រះករុណាខ្ញុំ នៅថ្ងៃនេះ មិនមែនគ្រាន់តែបញ្ហាស្ពាន ដែលត្រូវបានឆ្លងកាត់ទន្លេជំនួសអោយទូកដរ និងស្ពានឫស្សីក្នុងរដូវប្រាំងប៉ុណ្ណោះទេ តែខ្ញុំព្រះករុណាខ្ញុំ សុំប្រកាសជាសា​ធារណៈថា ​នៅពេលដែលកម្ពុជាអាចផ្គុំកម្លាំងគ្រប់ប្រភេទ កម្ពុជាមានសមត្ថភាពនឹងធ្វើស្ពានដោយខ្លួនឯង ឆ្លងកាត់ទន្លេទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នោះហើយ​ គឺជាសមិទ្ធផលពិតនៃការកសាងសមត្ថភាព និងភាពជាម្ចាស់របស់កម្ពុជា។ អម្បាញ់មិញ ឧត្តមសេនីយ​ គង់ អៀង…